(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈលទ្ធផលបឋមនឹងចាប់ផ្តើមប្រកាសពីល្ងាចនេះតទៅ។
ក្នុងសន្និសីទសារព័ត៌មានសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃការបោះឆ្នោត ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ដោយប្រព័ន្ធកុំព្យូទ័រ និងដោយការធ្វើប្រមាណវិធីដោយដៃ ឬតាមម៉ាស៉ីនគិតលេខរបស់មន្ត្រីបោះឆ្នោតទាំងនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត និងថ្នាក់ គ.ជ.ប ។ ផ្អែកតាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២»។
លោកក៏បានឲ្យដឹងដែរថា ប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។
លោក ប្រាជ្ញ ចន្ទ បានថ្លែងបន្តថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ចាប់ពីម៉ោង ៧ព្រឹក ការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបើកដំណើរការទាំងអស់ មិនមានការិយាល័យណាមួយមិនបើកនោះទេ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៣រសៀល។
លោកបានថ្លែងបញ្ជាក់ទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង៕