ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នេះ កងកម្លាំងសមត្ថកិច្ចចម្រុះបានរឹបអូសធ្យូងចំនួន ៥៤ តោន ដែលត្រូវឈ្មួញដឹកយកមកទម្លាក់នៅមាត់ប្រឡាយទាហានហើយត្រៀមលើកដាក់ចូលក្នុងកាណូតវៀតណាមដើម្បីឆ្លងដែនទៅប្រទេសវៀតណាមតែចេញមិនទាន់រួចនោះ ។
លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រួចមក លោកបានដឹកនាំកងកម្លាំងចម្រុះរួមមានៈ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងរួមនឹងអភិបាលរងស្រុកកំពង់រោទិ៍បានចុះត្រួតពិនិត្យ ហើយក៏បានរឹបអូសធ្យូងទាំងនោះយកទៅរក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
គួររំលឹកថា រយៈពេល ៣ ថ្ងៃ កន្លងមកហើយគឺចាប់តាំងពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មកដល់វេលាម៉ោង ៧:៣០ នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រុមឈ្មួញបានដឹកធ្យូងចំនួនប្រមាណ ៥៤ តោនមកទម្លាក់នៅចំណុចប្រឡាយទាហានច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បម្រុងនាំចេញតាមកាណូតទៅលក់ប្រទេសវៀតណាម។
សូមបញ្ជាក់ដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអនុញ្ញាតឱ្យនាំធ្យូងចេញទៅ ក្រៅប្រទេសទេហើយការជួញដូរធ្យូងឈើនេះធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្ម ព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើយកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់៕
https://www.rmn.asia



