ខេត្តកំពង់ស្ពឺ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានឱ្យតម្លៃលើសន្ដិភាពមុនគេបង្អស់ ព្រោះដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជាគឺជាការលំបាក ដែលសម្ដេចប្រើពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់សម្ដេចសម្រាប់កិច្ចការមួយនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ភ្ជាប់ពីខេត្តកណ្ដាល ទៅផ្លូវបំបែកខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន មានមតិយោបល់មួយចំនួនពីស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ខ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលត្រូវការពេលជាច្រើនដើម្បីស្ដារឡើងវិញ។ ដល់ចំណុចនេះសម្ដេចបានថ្លែងថា៖ «ឥឡូវនេះពិភពលោកកំពុងស្រែករកសន្ដិភាព ខុសពីមុនដេលគេនិយាយតែពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
សម្ដេចតេជោ បញ្ជាក់ថាតម្លៃសន្ដិភាពនេះគឺកម្ពុជាបានផ្ដល់ជាយូរមកហើយ ដែលជាអទិភាពមុនប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សម្ដេចថ្លែងបន្ថែមថា៖ «សង្គ្រាមវាងាយផ្ទុះតែការពន្លត់សង្គ្រាមវាមិនងាយទេ។ កម្ពុជាខ្ញុំមិនមែនជាអ្នកបង្កើតសង្គ្រាមទេតែដូចជាទេវតាឱ្យខ្ញុំមកចាប់កំណើតដើម្បីពន្លត់សង្គ្រាមនិងថែរក្សាសន្ដិភាព»។
សម្ដេចបញ្ជាក់ជាថ្មីថា តម្លៃណាក៏ដោយក៏ត្រូវតែខិតខំការពារសន្ដិភាពដែលរកបានដោយលំបាកនេះឱ្យនៅឋិតថេរ។
អស់រយៈពេល ២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេលញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។
ជារឿយៗ សម្ដេចតេជោ បានប្រកាសថានឹងមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមដូចមុននោះទេ ដោយសម្ដេចប្រកាសថាទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវរក្សាសន្ដិភាពដែលបានដោយពិបាកនេះឱ្យខានតែបាន៕
![](http://rmn.asia/wp-content/uploads/2022/03/EBD6ECCB-F2DA-42D5-BABA-254F71D8BB14.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/07FB3591-6E7D-4494-B457-AEEEB2BE6F8C.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/267AEDCD-F2B5-42B3-BEE2-E0995DD18248.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/9CFE8E33-5536-46A9-B031-B81E6C0B1E8B.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/EBD85002-33AB-4F9A-B7A5-3C14C4B144AF-1024x594.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/0BA78AD6-D711-4615-87A5-518FB85D3510-1024x594.jpeg)
![](http://rmn.asia/wp-content/uploads/2022/03/7F899971-1BC7-42C6-9076-D2C079240E03.jpeg)