អគ្គិភ័យឆាបឆេះផ្ទះ មួយខ្នងអស់ទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតអស់ ៦បន្ទប់ទៀត ដោយសារបុរសម្នាក់មានសតិមិនគ្រប់

បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្ដុំកន្លែងកើតហេតុបានបញ្ជាក់ថាបុរសម្នាក់ដែលហៅថាអាខ្មៅ បានដុតកន្លែងហ្នឹង ឥឡូវសមត្ថកិច្ចចាប់បានហើយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះនេះមានម្ចាស់ឈ្មោះ គឹម លីហ្សា ភេទស្រី អាយុ ២៥ឆ្នាំ ជាមេផ្ទះ។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារមនុស្សសតិមិនគ្រប់លួចដុត។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះឈេីប្រក សង្កសី ដែលមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៦បន្ទប់ទៀត។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន និងរថយន្តក្រសួងមហាផ្ទៃ ចំនួន មួយគ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ហើយបច្ចុប្បន្នបុរសឈ្មោះខ្មៅដែលជាជនបង្កត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅនីតិវិធីផ្លូវច្បាប់៕




