នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន បង្កជនរងគ្រោះស្លាប់l

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុនបង្កជនរងគ្រោះស្លាប់ បន្ទាប់ពីរត់គេចខ្លួនបានរយះពេល៣ថ្ងៃត្រូវបាន នគរបាលឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ០៣ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតនៅភូមិភ្នំតូច ឃុំសំភី ស្រុកបាទី ខេត្តតាកែវ។
ក្នុងប្រតិបត្តិការស្រាវជ្រាវករណីឃាតកម្ម នេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និង ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង
លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគបាលខេត្តតាកែវ។
នគរបាលជំនាញបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១ ឈ្មោះ ម៉ង សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ , ទី២ ឈ្មោះ ម៉ង សីហា ភេទប្រុស អាយុ ១៩ឆ្នាំ (ទាំង២នាក់ជាបងប្អូនបង្កើត) និងទី៣ ឈ្មោះ ឌឹម ប្រុស ហៅ រាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់មានលំនៅដ្ឋានស្នាក់ស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដូចគ្នា។
គួរំលឹកផងដែរ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤០នាទី មានករណីឃាតកម្មមួយកើតទ្បើង នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ ហើយជនសង្ស័យទាំងបីនាក់បានរត់គេចខ្លួនបាត់ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ ក៏ឌឺដងដាក់គ្នារហូតឈានដល់កាប់សម្លាប់គ្នាតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំចាត់ការបន្តតាមនីតិវិធី៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed