មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បញ្ជូនក្រុមគ្រូពេទ្យកងពលចូលរួមសហការពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅក្រុងប៉ោយប៉ែត

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវចូលរួមសហការការងារហ្មត់ចត់ និងត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញភារកិច្ច ព្រោះកិច្ចការនេះប្រកបដោយហានិភ័យ។ លោកបន្តថា ក្រុមគ្រូពេទ្យត្រូវបានចាត់ទុកថា ជាកងទ័ពជួរមុខ ជាមួយនឹងទឹកចិត្តដ៏អង់អាចក្លាហាន ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបានក៏បានណែនាំក្រុមគ្រូពេទ្យត្រូវរក្សាវិន័យសណ្តាប់ធ្នាប់ និងយកចិត្តទុកដាក់គោរពបទបញ្ជាឲ្យបានម៉ឹងម៉ាត់ ដើម្បីមុខមាត់អង្គភាព។
ឯកឧត្តមមេបញ្ជាការកងពលបានធ្វើការកោតសរសើរក្រុមគ្រូពេទ្យ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមបទបញ្ជាបានល្អ និងខិតខំធ្វើការងារដោយពុំគិតពីការនឿយហត់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ៕




