អាជ្ញាធររាជធានីភ្នំពេញ បញ្ជូនគ្រូពេទ្យជាង១០០នាក់ ចុះយកសំណាកព្រះសង្ឃ អាចារ្យ ដូនជី និងកូនសិស្សលោក នៅតាមវត្តទាំង១៥១

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះយកសំណាកព្រះសង្ឃ តាអាចារ្យ ដូនជី និងកូនសិស្សលោក នៅតាមវត្តអារាមទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានវត្តអារាមមួយចំនួនផ្ទុះជំងឺកូវីដ១៩រួចមក។

យុទ្ធនាការនេះបានធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃ កូនសិស្សលោក និងលោកអាចារ្យនៅតាមវត្តមួយចំនួន បានឆ្លងជំងឺកូវីដ១៩ រហូតបានបង្ខំឲ្យរាជរដ្ឋាភិបាល សម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៀតផង។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលជាង១០០នាក់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះយកសំណាកនៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ (២៤-២៥ ខែកញ្ញា ឆ្នាំ២០២១)។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្នុងចំណោមវត្ត១៥១វត្ត នោះយើងបែងចែក ខាងមន្ទីរសុខាភិបាលចំនួនជាង៧០វត្ត និងក្រុមគ្រូពេទ្យខាងសម្តេចតេជោជាង៧០វត្តផងដែរ ដោយសម្រុកធ្វើតេស្តរយៈពេល២ថ្ងៃឲ្យរួចរាល់។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងករណីរកឃើញព្រះសង្ឃ និងកូនសិស្សលោក មានឆ្លងជំងឺកូវីដ១៩នោះ យើងនឹងដាក់ឲ្យព្យាបាលនៅតាមមួយអារាមតែម្តង ចំពោះវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។ ប៉ុន្តែប្រសិនបើវត្តទាំងនោះ មិនមានអាចព្យាបាលបានទេ យើងនឹងបញ្ជួនទៅព្យាបាល នៅតាមមណ្ឌលព្យាបាលផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះព្រះសង្ឃ កូនសិស្ស ឬអាចារ្យ ដែលពាក់ព័ន្ធនឹងឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តតែម្តង។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំ ដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed