សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

ពិធីនេះ បានប្រារព្ធឡើងបន្ទាប់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ តែងតាំងឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ បានធ្វើរបាយការណ៍ស្វាគមន៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តកំពង់ធំ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បានថ្លែងប្ដេជ្ញាចិត្តជូន សម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សុខ លូ ដែលបានខិតខំបំពេញភារកិច្ចដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍធ្ចើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន និងសម្រេចបានសមទ្ធផលនានាជាច្រើននាពេលកន្លងមកនេះ។

សម្ដេចក្រឡាហោម ក៏មានជំនឿមុតមាំថា ឯកឧត្តម ងួន រតនៈ អភិបាលថ្មី នៃគណៈអភិបាលខេត្តកំពង់ធំនឹងបន្តខិតខំប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួនបន្ដដឹកនាំសម្របសម្រួលការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើនបន្ថែមទៀតក្រោយចូលកាន់មុខតំណែងថ្មីនេះ។

សម្ដេច ក៏បានស្នើក្រុមប្រឹក្សាខេត្តកំពង់ធំ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំសង្កាត់ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ផ្ដល់ការគាំទ្រដល់ ឯកឧត្តម ងួន រតនៈ ដើម្បីការបន្ដថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ការធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីនៅឆ្នាំ២០២៣។

សម្ដេចក្រឡាហោម បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មើនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងការជួយសង្គ្រោះដល់ពលរដ្ឋដែលជួបការលំបាកនានា ពិសេសដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed