នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

យាង និងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,
សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តម លោកជំទាវ​ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្រោយពីរបាំថ្វាយព្រះពរ និងសិល្បៈយីកេ សំដែងថ្វាយទត និងទស្សនា ក្នុងខ្លឹមសារអប់រំ មហាជន ប្រជាជន ឱ្យចូលរួមស្រឡាញ់ និងថែរក្សាព្រៃឈើ លុបបំបាត់​ការ​កាប់បំ​ផ្លាញ​ដែល​ជា​បច្ច័យ​អាក្រក់​បង្កនូវគ្រោះធម្មជាតិ​ មហន្ត​រាយធ្ងន់ធ្ងរ បំផ្លាញនូវសេចក្តី​សុខ​ដល់​ជីវិត​មនុស្ស​សត្វ​លើ​ភព​ផែនដី និងរបាយការណ៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បង្ហាញ​សក្តា​នុពល​កសិកម្មរបស់ខេត្ត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានថ្វាយរបាយការណ៍​បញ្ជាក់​ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ឆ្នាំនេះ មានកូន​ឈើ​ធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងទំហំ ៣ហិកតា​នៅ​ស្ដានីយ៍​​ផ្សព្វ​ផ្សាយ​និង​ស្តារ​ព្រៃ​ឈើ​បន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ ឯកឧត្តម​បន្តថា សម្រាប់ឆ្នាំ២០២៤នេះដែរ រដ្ឋបាល​ព្រៃឈើនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើប​បាន​បញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅ​ស្ថានីយផ្សព្វផ្សាយ និង​ស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ គិត​ត្រឹម​ឆ្នាំ​នេះ ពិធីរុក្ខទិវាបាន បង្កើត​ជាសួន​រុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តា រាជធានី-ខេត្ត​​ចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូន​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​នៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺន ហិកតា និង​សួន​សាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួន​ឯក​ជន​នានា។ ជាង នេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០​លាន​ដើម​ផង​ដែរ តាមរយៈ​ថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤នេះ ជាមួយនឹង​សមត្ថភាព​បណ្តុះកូនឈើដើម្បីដាំ និង​ចែក​ចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជា ច្រើនលានដើមផ្សេងទៀត ត្រូវបាន​បណ្តុះ និង​ដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយ​មិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំ​ឧស្សាហកម្ម​​ផ្សេងៗទៀត។​

នៅក្នុងឱកាសដ៏មហាថ្លៃថ្លាវិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមាន ព្រះរាជបណ្តាំ ផ្ញើសួរសុខ ទុក្ខ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅបំ​ផុត និង ព្រះរាជទានពរ បវរមហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះ វររាជ មាតា​ជាតិ​ខ្មែរ សម្តេច ម៉ែ សម្តេច​យាយសម្តេចយាយទួត ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត មក ប្រគេន ព្រះថេរា នុ ត្ថេរៈ គ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក តា លោកយាយ មាមីង បងប្អូន និងក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប ដោយ​សេចក្តី​សុខ សេចក្តីចម្រើន និង មាន សុភមង្គលគ្រប់ ប្រការតរៀងទៅ ។

ព្រះអង្គ​បាន​មានព្រះរាជបន្ទូលថាព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរត​នកោដ្ឋ​​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួច​ផ្តើមរៀបចំពិធី”រុក្ខទិវា” និង សព្វព្រះរា​ជ​ហប្ញទ័យ យាងជាព្រះរាជា​ធិបតី​ក្នុង​ពិធី​នេះ​ជារៀងរាល់ឆ្នាំ នៅតាមបណ្តា ខេត្តនានាចាប់តាំងពី សម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើក​ទឹក​ចិត្ត​ឱ្យ​កូនចៅ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ចូល រួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំង ប្រទេស ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា កន្លងទៅក្រោម​ការ​ដឹក​នាំ​ដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និង បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បាន​បន្តរៀបចំជារៀង រាល់ ឆ្នាំចាប់ពី ឆ្នាំ១៩៩២មក ។

“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែល ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបង​ប្អូន​ជន​រួមជាតិ​ទាំង​អស់នៅទូទាំង ប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សន រួមគឺ ការ​ចូល​រួម​ដាំ​ដើម ឈើ និង​ការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំង​សុវត្ថិភាព​ពីគ្រោះធម្មជាតិ ទាំង​ក្តី​សង្ឃឹម​សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។

ព្រះករុណាជាអម្ចាស់បានយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានា​ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធាន​ព្រៃឈើសត្វព្រៃ និងសូមអំ​ពាវ​នាវ​ឱ្យបន្ត​សកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជា​ប្រយោជន៍​ដល់ពិភពលោកទាំងមូល ។

ព្រះអង្គក៏បាន សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប និង​ក្លាយ​​ជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និង​អភិវឌ្ឍ​​ធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់ យើងឱ្យបានគង់ វង្សរហូតតទៅ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed