នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ និងទទួលផលចោរកម្ម។
- ជនសង្ស័យទី១ ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ធ្លាប់ជាចោរលួចទូរស័ព្ទ លួចម៉ូតូ រហូតចូលពន្ធនាគារអស់មួយឆ្នាំ ពេលចេញមកវិញបានបន្តមុខរបរចាស់ ដោយដើរលួចបន្តទៀត។
- ជនសង្ស័យទី២ ឈ្មោះជឿ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបរបន្ថែមទទួលទិញទំនិញចោរ ធ្លាប់ទិញម៉ូតូដែលបានមកពីអំពើលួច រហូតដល់ទៅជាង70គ្រឿង។
សមត្ថិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង១៦នឹង៥០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា មានករណីចោរកាច់កម៉ូតូហុងដា C125 ០១គ្រឿង នៅចំណុច បន្ទប់ជួលលេខ១៤ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌបានចុះធ្វើការស្រាវជ្រាវ ក៏បានជួបប្រទះម៉ូតូ ដែលជនសង្ស័យដែលបានកាច់ករួចហើយ យកទៅផ្ញើទុកនៅចំណតផ្ញើម៉ូតូរបស់មន្ទីរពេទ្យរុស្ស៊ី។ ដោយមានការណែនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាឱ្យកម្លាំងជំនាញ បន្តឃ្លាំមើលជនសង្ស័យ និងបក្សពួក ដើម្បីឃាត់ខ្លួនឱ្យបានទាំងអស់។ ខណៈនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-8720 ផលិតឆ្នាំ២០២០, ដែកសម្រាប់កាច់កម៉ូតូចំនួន០១ និងសោរមួលម៉ូតូចំនួន០១។ ម៉ូតូដែលចាប់យកត្រូវបានប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ។
ក្រោយពីស្តាប់ចម្លើយ និងមានការចង្អុលបង្ហាញពីជនសង្ស័យ លឹម ធារ៉ា ហៅ បូន រ៉ាវី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជឿ វ៉ា ហៅខ្មៅ នៅចំណុចសួនច្បារវិមានឯករាជ្យ ភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ជឿ វ៉ា ហៅខ្មៅ បានឲ្យដឹងដែរថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងអំពើលួច និងទទួលផលចោរកម្ម ពិតប្រាកដមែន ដោយកន្លងមកខ្លួនធ្លាប់ទិញមូតូចោរជាង70គ្រឿងមកហើយ ព្រោះខ្លួនជាអ្នករកស៊ីលក់ម៉ូតូអត់ពន្ធ៕
https://www.rmn.asia