នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥  នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។

«ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ថាទៅផ្ទះរបស់មិត្តល្អម្នាក់។ ខ្ញុំសូមជូនពរចូលឆ្នាំថ្មីយ៉ាងកក់ក្ដៅបំផុតចំពោះបងប្អូនក្នុងប្រទេសកម្ពុជា»។ លោក ស៊ី បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៧ ខែមេសា។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន លោក ស៊ី ចាត់ទុកកម្ពុជា ជា«ផ្ទះរបស់មិត្តល្អម្នាក់»។ លោករំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed