មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិនៅបីត្រីមាសដើមឆ្នាំនេះដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ ។

តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ ប៉ុន្តែសេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធដែលប្រសិទ្ធភាពនៃគោលនយោបាយបានរំលេចចេញជាបន្តបន្ទាប់ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗបានលេចចេញបម្រែបម្រួលវិជ្ជមាន និងរក្សានិន្នាការដែលដំណើរការដោយនឹងនរ ក៏ដូចជាបង្ហាញពីភាពធន់និងសក្តានុពលដ៏ខ្លាំងក្លា ។

បើមើលពីសន្ទស្សន៍ម៉ាក្រូធំទាំងបួនគឺកំណើន ឱកាសការងារ អតិផរណានិងសមតុល្យនៃការទូទាត់អន្តរជាតិ អាចឃើញថា សេដ្ឋកិច្ចចិននៅតែដំណើរការយ៉ាងនឹងនរដដែល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក៏បានបោះជំហានទៅមុខប្រកបដោយភាពរឹងមាំដែរ ។ ជាពិសេស ចាប់តាំងពីចុងខែកញ្ញាមក ទន្ទឹមនឹងការពន្លឿនការដាក់ចេញគោលនយោបាយបន្ថែមមួយចំនួន បានធ្វើឱ្យជំនឿចិត្តក្នុងទីផ្សារកាន់តែខ្លាំងឡើង។

បម្រែបម្រួលនេះក៏បានបង្ហាញលើសកម្មភាពដែលសហគ្រាសទុនបរទេសធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិនដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទប់ពិសោធន៍សិក្សាស្រាវជ្រាវនិងប្រើប្រាស់នៃក្រុមហ៊ុន Apple របស់អាមេរិកនៅក្រុង Shenzhen បានសម្ពោធដាក់ឱ្យប្រើប្រាស់។ កាលពីខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុន Audi របស់អាល្លឺម៉ង់បានប្រកាសថា នឹងបង្កើតរចនាសម្ព័ន្ធផលិតផលដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រដែលសំដៅចំពោះទីផ្សាររបស់ចិន ។ ក្រុមហ៊ុនវេជ្ជសាស្ត្រ GE របស់អាមេរិកបានប្រកាសថា មានផែនការពង្រីកការវិនិយោគទុនទ្វេរដងលើវិស័យសិក្សាស្រាវជ្រាវនៅប្រទេសចិនក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ល។

ក្រុមហ៊ុនទាំងនេះបានយល់ឃើញថា ចំពោះប្រទេសចិនដែលជាទីផ្សារដ៏ធំមួយនេះ មិនត្រឹមតែត្រូវបោះជំហានចូលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ “រួមបញ្ចូល”ដែរ ពោលគឺឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សារធំសម្រាប់ការចែករំលែកជាមួយពិភពលោក ។
បើមើលពីទិន្នន័យនៅបីត្រីមាសដើមឆ្នាំនេះ ការលក់ដូរនៃទីផ្សារចិនបានរក្សាកំណើន ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

គួរបញ្ជាក់ផងដែរថា ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការផ្លាស់ប្ដូរទំនិញប្រើប្រាស់ចាស់ៗទៅជាថ្មីគឺច្បាស់លាស់ណាស់ ក្នុងនោះ វិស័យរថយន្តនិងគ្រឿងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះជាដើមគឺមានលក្ខណៈលេចធ្លោ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ “សេដ្ឋកិច្ចបែបសាកល្បង”បានក្លាយជាចំណុចលេចធ្លោមួយនៃអាជីវកម្មប្រើប្រាស់របស់ចិន ។

បើនិយាយចំពោះសហគ្រាសទុនបរទេស ចិនមិនត្រឹមតែជា“ទីផ្សារលក់ដូរដ៏ធំ”មួយប៉ុណ្ណោះទេ ហើយកាន់តែជាវេទិកាដ៏ធំនៃការច្នៃប្រឌិតថ្មីឈានមុខដែរ ។ ទន្ទឹមនឹងកម្លាំងផលិតកម្មគុណភាពថ្មីកកើតឡើងយ៉ាងឆាប់រហ័ស នៅបីត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកទេសខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនគឺខ្ពស់ជាងល្បឿនកំណើននៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនិងមធ្យម៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

ការផលិតនិងប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនិងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV ជាដើមក៏បានរក្សាកំណើនឆាប់បង្គួរដែរ ។ តាមរបាយការណ៍នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤បង្ហាញឱ្យដឹងថា ចំណាត់ថ្នាក់នៃសន្ទស្សន៍ច្នៃប្រឌិតថ្មីរបស់ចិនបានឡើងមួយលេខទៀត ដែលកាន់លំដាប់ថ្នាក់ទី១១ ។

បច្ចុប្បន្ននេះ ពិព័រណ៍ទំនិញនាំចេញនាំចូលរបស់ចិនកំពុងបើកធ្វើនៅក្រុង Guangzhou សន្ទស្សន៍ជាច្រើនបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ នៅមានកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានិងមហាសន្និបាតក្នុងវិស័យជាច្រើននឹងបើកធ្វើនៅប្រទេសចិនដែរ ដែលនឹងជំរុញថែមមួយកម្រិតនូវការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់របស់ចិន ។ ទន្ទឹមនឹងការពន្លឿនការអនុវត្តវិធានការបើកទូលាយមួយចំនួនដែលរៀបចំចាត់ចែងដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ សហគ្រាសទុនបរទេសនឹងទទួលកាលានុវត្តភាពថ្មីកាន់តែច្រើនសម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននិងទទួលផលប្រយោជន៍នៅប្រទេសចិន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *