ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើនិយាយពីទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើននឹងគិតដល់ចិននិងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយមទាំងពីរនេះដែលជាប្រទេសនៅជិតខាងគ្នាបានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលមិត្តភាពប្រពៃណីបែបនេះត្រូវបានកោតសរសើរជាច្រើន។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះនៃការអភិវឌ្ឍនិងស្តារឡើងវិញនៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីតាមរបៀបណា?ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ ។

នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោក Tô Lâm បន្ទាប់ពីលោកឡើងកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅដើមខែសីហានេះ ដែលបានបង្ហាញពីកម្រិតខ្ពស់និងលក្ខណៈជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងវៀតណាម ។ កាលពីថ្ងៃទី១៩ខែសីហា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Tô Lâm ។ ភាគីចិនបានថ្លែងថា នឹងចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាង ភាគីទាំងពីរគួរបន្តធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។

ភាគីវៀតណាមបានថ្លែងថា នឹងចាត់ទុកចិនជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពចម្បងបំផុតនៃគោលនយោបាយជាមួយបរទេសរបស់វៀតណាម ធ្វើឱ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិនដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ។

ការកសាងទំនុកចិត្តខាងនយោបាយជាមូលដ្ឋាននៃការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ។ ភាគីចិនបានថ្លែងថា គាំទ្រវៀតណាមឱ្យប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្ស ដើរតាមផ្លូវសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ដើម្បីជំរុញនវានុវត្តន៍ ការបើកទូលាយនិងកិច្ចការទំនើបកម្មសង្គមនិយមយ៉ាងស៊ីជម្រៅ ។

ភាគីវៀតណាមថ្លែងថា នឹងអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រចិនឱ្យសម្រេចបាននូវការបង្រួបបង្រួមជាតិយ៉ាងមុតមាំ និងប្រឆាំងយ៉ាងដាច់ខាតនូវកម្លាំងណាមួយទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។ ប្រឈមមុខនឹងស្ថានការណ៍ក្នុងតំបន់និងពិភពលោកដែលមានភាពស្មុគ្រស្មាញនិងបម្រែបម្រួល ចិននិងវៀតណាមនឹងបន្តពួតដៃគ្នាដើរតាមផ្លូវសង្គមនិយមឱ្យបានល្អ នេះមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍនិងស្តារឡើងវិញរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមពិភពលោកផងដែរ ។

ចិននិងវៀតណាមមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ជិតស្និទ្ធ មានភាពបំពេញបន្ថែមគ្នាខាងឧស្សាហកម្មយ៉ាងខ្លាំង ហើយមានសក្តានុពលយ៉ាងខ្លាំងក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទីបួនលើទូទាំងពិភពលោករបស់ចិន ។

នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងវៀតណាមបានកើនឡើងប្រហែល២០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ភាគីទាំងពីរចិននិងវៀតណាមក៏បានធ្វើការរៀបចំចាត់ចែងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងអណ្តូងរ៉ែគន្លឹះជាដើម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីទៀត ។

ពង្រឹងកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម មិនត្រឹមតែផ្តោតលើការអភិវឌ្ឍរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ឆ្ពោះទៅកាន់ពិភពលោកផងដែរ ។ នៅពេលអនាគត ភាគីទាំងពីរក៏នឹងបង្កើនការសម្របសម្រួលនិងកិច្ចសហការក្រោមយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាននិងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាដើម ដើម្បីជំរុញការធ្វើពហុភាគីភាវូបនីយកម្មពិភពលោកប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន ។ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាដ៏ល្អចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ។

សំដៅទៅរកអនាគត ការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យមានភាពកាន់តែរឹងមាំនិងកាន់តែស៊ីជម្រៅ នឹងផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏រួមចំណែកកាន់តែធំដល់ការអភិវឌ្ឍនិងសន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ ។ ពេលវេលានឹងបញ្ជាក់ថា ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន”រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *