ភ្នំពេញ : សន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» កាលពីរសៀល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ជិន ម៉ាលីន រដ្លលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា មានចំណុចវិជ្ជមាន៣ ក្រោយដាក់ចេញយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ឆ្នាំ គឺការផ្លាស់ប្តូរឥរិយាបទមន្រ្តី ផ្លាស់ប្តូរជំនឿ និងបណ្តឹងមានការថយចុះ ដែលជាលទ្ធផលគួរជាទីមោទនៈ។

កាលមុនប្រជាពលរដ្ឋតវ៉ាច្រើន សំណុំរឿង១ ដាក់ទៅមិនក្រោម ១០កន្លែងទេ ប៉ុន្តែ ពេលបើកយុទ្ធនាការនេះ គឺជាការបើកច្រកដ៏ធំ សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងអ្វីក៏ដោយ ឲ្យតែពាក់ព័ន្ធនឹងតុលាការ។
សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួន២ គឺយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់សេវាយុត្តិធម៌។

លោក កើត រិទ្ធ បានឲ្យដឹងថា យុទ្ធនាការទាំងពីរនេះ ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយដាក់ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះតទៅ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញលទ្ធផលសំខាន់ៗនៃការ អនុវត្តយុទ្ធនាការទាំង ២ខាងលើ សម្រាប់រយៈពេល ១ឆ្នាំ ដូចខាងក្រោម៖
ទី១៖ ក្នុងរយៈពេល ១ឆ្នាំនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្តីដទៃទៀត បានចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ទី២៖ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ គិតចាប់តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាសទទួលបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿង របស់ខ្លួនមានភាពមិនប្រក្រតី, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការ ដឹកនាំយុទ្ធនាការ ចំនួន ២,៤១៣បណ្ដឹង ប៉ុន្តែមាន១៧បណ្ដឹង ដែលមិនអាចបញ្ជូនទៅចាត់ការបាន ដូច្នេះបណ្តឹងរបស់ប្រជាពលរដ្ឋដែលគណៈបញ្ជាការដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ២,៣៩៦បណ្ដឹង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា : គណៈបញ្ជាការដឹកនាំយុទ្ធនាការរំពឹងថានឹងអាចដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការបាន នៅក្នុងរយៈពេលមួយឆ្នាំកន្លះទៀត ស្របតាមទិសដៅដែលបានដាក់ចេញពីពេលប្រកាសដាក់ចេញនូវយុទ្ធនាការ ចំណែកយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនិងត្រូវបន្តធ្វើពេញមួយអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
ក្នុងនោះដែរ ក្រសួងយុត្តិធម៌ សូមបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្ដឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង២របស់ក្រសួងយុត្តិធម៌តាមរយៈលេខទូរសព្ទ ០៩៩ ៤៤៤ ១៨១ និងQR Code របស់ក្រសួងយុត្តិធម៌៕



