ភ្នំពេញ : បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល។
ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភម្នាក់៥លានរៀល និងអ្នករបួស២លានរៀល ព្រមទាំងក្តារមឈូស១ ហើយដឹកសពដល់លំនៅឋាន។ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។
សូមជម្រាបថា សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម។តែបើគិតត្រឹមម៉ោង១២៖៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នា ទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់៕