សំណុំរឿងគ្រឿងញៀនជាង១ពាន់គីឡូ! សមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធទីតាំងផលិតគ្រឿងញៀន ខណៈឃាត់មនុស្ស ៣នាក់ និងជនជាតិចិន១នាក់ស្លាប់ អំឡុងពេលបង្ក្រាប

ខេត្តកំពង់ស្ពឺ : យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធទីតាំង រោងចក្រដំណាប់ស្វាយ និងបានបន្តទៅឆែកឆេរទីតាំងកែច្នៃផលិតគ្រឿងញៀននៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈជនសង្ស័យ ០៣នាក់ ត្រូវបានឃាត់ខ្លួន និងជនជាតិចិនម្នាក់បានស្លាប់ នៅអំឡុងពេលផ្ទុះអាវុធមួយប្រាវ នៅផ្លូវជាតិលេខ៤ ក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ រួមមាន

១-ឈ្មោះ LEE TSUNG HAN អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់)

២-ឈ្មោះ LY POHAN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន)

៣-ឈ្មោះ LY POHAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (ជាមេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រៅពីចាប់បានជនសង្ស័យ ក៏កម្លាំងជំនាញបានរឹបអូស វត្ថុតាង រួមមាន៖ ម្សៅសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១.៤៨០គីឡូក្រាម ទាំងសំបក ។ អាវុធខ្លី ម៉ាក K៥៤ មួយដើម រថយន្ត ២គ្រឿង សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ ។

ផ្អែកតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកង់ និងរាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណីកែច្នៃគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន ស្ថិតនៅក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការបង្ក្រាបនេះ បង្កឲ្យមានការប៉ះទង្គិចគ្នារហូតឈានដល់ផ្ទុះអាវុធនៅ ផ្លូវជាតិលេខ ៤ បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់ ខណៈក្រុមឈ្មួញកំពុងដឹកគ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ។យ៉ាងណាមិញនៅមិនទាន់មានសេចក្ដីរាយការណ៍លម្អិតណាមួយនៅឡើយ ជុំវិញថា ជនជាតិចិនដែលបានបាត់បង់ជីវិតនោះ គឺជាក្រុមឧក្រិដ្ឋជន ដែលបានបាញ់ប្រហារមកលើសមត្ថកិច្ច អំឡុងពេលបង្ក្រាបគ្រឿងញៀន នៅផ្លូវជាតិលេខ០៤ ក្នុងភូមិសាស្រ្តកំពង់សិលា ខេត្តព្រះសីហនុ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *