សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ២៥ គីឡូក្រាម នៅរាជធានីភ្នំពេញ
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលថ្ងៃទី២៥ ខែវច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់: គោលដៅទី១: នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២: ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
☆លទ្ធផល:
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B
៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ វៀតណាម។
ខ- ចាប់យកវត្ថុតាង :
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ២៤ គ.ក្រ ០៤២ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១១៨.៣៩ក្រាម។
-កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។
សរុប សារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាម
សារធាតុផ្សំ ១ គ.ក្រ ០១០.១១ ក្រាម ។
ជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕