មានការភ្ញាក់ផ្អើលដោយឃើញលោកយាយចំណាស់ម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ផ្ទះល្វែងមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ ១
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតជាប់នឹងផ្សារ ស្ទឹងមានជ័យថ្មី ក្នុងក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកយាយរងគ្រោះ មានឈ្មោះ សេង ហ៊ាង អាយុ៧៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំណុចកើតហេតុ ។ លោកយាយស្នាក់នៅ តែម្នាក់ឯង មកជាច្រើនឆ្នាំហើយ ដោយលោកយាយជាស្ត្រីចំណាស់ម៉េម៉ាយកូន១ ហើយកូនស្រី បានបែកការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងទៅហើយ ។
ប្រភពព័ត៌មានពីអ៊ុប្រុសម្នាក់ ដែលជាពលរដ្ឋជិតខាងនឹងគ្នា បានអោយដឹងថា ដោយមានមានការងឿងឆ្ងល់ និងសង្ស័យត្រង់ ក្នុងរយះពេល៣ថ្ងៃក្រោយមកនេះ មិនឃើញលោកយាយចេញពីក្នុងលំនៅឋាន មកក្រៅសោះ ក៏លោកអ៊ុប្រុសដដែល បានរាយការណ៍ជូនមេភូមិដើម្បីសុំអោយជួយអន្តរាគមន៍ ក្រែងលោកយាយមានបញ្ហាអ្វីនៅខាងក្នុង ។
បន្ទាប់ពីទទួលបានព័ត៌មានហើយនោះ លោកប្រធានភូមិ បានរាយការណ៍បន្តជូនសមត្ថកិច្ចមូលដ្ឋាន នឹងបានទំនាក់ទំនងជាងអោយទៅជួយកាត់សោរទ្វារ ។ លុះពេលកាត់ចូលទៅខាងក្នុងបានហើយនោះ ក៏ប្រទះឃើញ លោកយាយចំណាស់ខាងលើ ដេកស្លាប់លើគ្រែក្នុងបន្ទប់តែម្តងទៅ ។
សមត្ថកិច្ចបានពិនិត្យមើលទីតាំងកើតហេតុ និងសាកសពរួចមក ឃើញថា ជនរងគ្រោះ គឺដេកស្លាប់តែម្នាក់ឯងប៉ុណ្ណោះ ព្រោះផ្ទះកើតហេតុ ជាប់សោរពីខាងក្នុង ប៉ុន្តែនេះគ្រាន់ជាការសន្និដ្ឋានដំបូងរបស់នគរបាលមូលដ្ឋានជាជំហានបឋម រងចាំនគរបាលជំនាញផ្នែកកោសល្យវិច្ច័យ មកធ្វើការពិនិត្យអោយបានច្បាស់លាស់សិន ដើម្បីកំណត់បាន១០០ភាគរយ ថាជាករណីអ្វី ៕