សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ  ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។ 

ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សា របស់គណៈកម្មការជាញឹកញ៉ាប់ ដើម្បីជាការបំពេញនូវកង្វះខាត និងប្រសិទ្ធភាពក្នុងការអនុវត្តផលិត។ ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ។ លើសពីនោះទៅទៀត យោងតាមអនុសាសន៍សែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានរៀបចំ សាងសង់បន្ទាយកោះថ្ម បន្ទាយទ័ពលន់នល់នៅទន្លេបិទ និងភូមិប្រជាជន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ដែលសំណង់ទាំងនោះ មិនត្រឹមតែជាការសាងសង់សម្រាប់ថតប៉ុណ្ណោះទេ តែជាសំណង់ដែលមានលក្ខណៈរឹងមាំ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត ក្នុងការសិក្សា ស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នៅពេលអនាគត។

តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បានឲ្យដឹងថា អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។ ចំពោះឧបករណ៍បច្ចេកទេសថត ដោយមានការគាំទ្រពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយន្ត ត្រូវបាន បញ្ជាទិញរួចរាល់ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ាន់ ឆាល៍ជួន ក្នុងនោះក្រុមការងារបច្ចេកទេសថត បានធ្វើការហ្វឹកហាត់ ការប្រើប្រាស់សម្ភារៈបច្ចេកទេសទាំងនោះរួចរាល់ ព្រមទាំងធ្វើការថតសាកល្បងបានយ៉ាងស្ទាត់ជំនាញ។ ឯកឧត្តមប្រធានគណៈកម្មការបន្តថា តាមផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំសំរិទ្ធសំរាំងចងក្រង កែលម្អខ្លឹមសារសាច់រឿង ដែលផ្តើមចេញពីល្ខោននិយាយមកកាន់ការផលិតភាពយន្តរឿងភាគ ការខិតខំរកតួសម្តែង ការសិក្សាស្រាវជ្រាវរកនូវសម្ភារៈយុទ្ធោបរណ៍ ទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត ដើម្បីឈានទៅថតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នាពេលដ៏ខ្លីខាងមុខ។ 

សម្តេចតេជោមានប្រសាសន៍ឲ្យដឹងដែរថា កន្លងមកមានថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកុន ហូលីវូដ បានមកស្នើសុំសម្តេចដើម្បផលិតភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នេះម្តងរួចមកហើយ តែសម្តេចមិនអនុញ្ញាតឲ្យផលិតនោះទេ ដោយសាតែវាអាចប៉ះពាល់ដល់ប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជា ពិសេសទាក់ទិនទៅនិងខ្សែជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់តែម្តង។ 

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់អ្នកដឹកនាំរឿង និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ថែមទៀត ព្រោះសាច់រឿងទាំងមូលវាផ្តោត ទៅលើប្រវត្តិសាស្រ្តពិតៗរបស់ប្រទេស និងប្រជាជនកម្ពុជា ពោលគឺសាច់រឿងទាំងមូលវាកើតឡើង យ៉ាងពិតប្រាកដ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយវានឹងអាចបន្តរហូតដល់ពេលដែល សម្តេចត្រូវចាកចេញពីឆាកនយោបាយនាពេលខាងមុខ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *