ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលចូលមកប្រទេសកម្ពុជា នៅពេលចាក់វ៉ាក់សាំងគ្រប់ចំនួន 

ភ្នំពេញ ៖  ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។

ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងសុខាភិបាល បានបន្ថែមថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស។

ដោយឡែក សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៉ីន PCR ដដែល មិនមានការផ្ដល់ជូននូវលក្ខខណ្ឌពិសេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នោះទេ។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed