ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ចែកវិញ្ញាបនប័ត្រដល់ អ្នកសារព័ត៌មាន ស្ដីពី « សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យ» នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា : ក្នុងការពង្រឹងសង្គមប្រជាធិបតេយ្យទៅបាន លុះត្រាតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ហើយការរៀបចំពង្រឹងសង្គមប្រជាធិបតេយ្យនេះគឺជាការពង្រឹងនៃរដ្ឋអំណាចរបស់ប្រជាពលរដ្ឋយើង។

ក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មាន គឺជាអ្នកតំណាងប្រជាពលរដ្ឋ ជាអ្នកជួយតាមដាន ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងករណីដែល មានការរំលោភបំពាន ឬការផ្ដល់សេវាមិនត្រឹមត្រូវ ពីសំណាក់មន្រ្តីអសកម្ម មួយចំនួន។

បើអ្នកសារព័ត៌មាន ត្រូវបានបិទសិទ្ធិសេរីភាព បើអ្នកសារព័ត៌មានត្រូវបាន អាជ្ញាធរឬសមត្ថកិច្ចណាមួយគាបសង្កត់ អ្នកសារព័ត៌មាន មិនអាចជួយប្រជាពលរដ្ឋ ក្នុងក្របខណ្ឌបំពេញវិជ្ជាជីវៈដ៏ត្រឹមត្រូវ របស់ខ្លួនបានឡើយ ។

ឯកឧត្ដមបានស្នើដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានចំណេះដឹង ក្នុងការស្វែងរកព័ត៌មាន ស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ មានទេពកោសល ក្នុងការស្វែងរកប្រភពព័ត៌មានពិត ស្វែងរកភស្តុតាង ជាមួយនឹងឥរិយាបទទន់ភ្លន់ ដើម្បីឱ្យក្លាយខ្លួន ជាតំណាងប្រជាពលរដ្ឋ ក្លាយខ្លួនជាឆ្មាំរបស់ប្រជាពលរដ្ឋនិងបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ ។

ហើយក្នុងឱកាសបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះ សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន មកពីបណ្ដាអង្គភាពនានា ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក៏ដូចជាការបញ្ជាក់ពីជំហររឹងមាំ ក្នុងចូលរួមកសាងសង្គមប្រជាធិបតេយ្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្របតាមគំនិតផ្តួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed