RMN>February 27, 2022
សារព័ត៌មាន TASS នៅថ្ងៃទី២៦ខែកុម្ភៈ បានដកស្រងសម្តីឧត្តមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា កម្លាំងទាហានរុស្សីបានវាយប្រហារបំផ្លាញគោលដៅចំនួន៨២១កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងចំណោមគោលដៅដែលរុស្ស៊ីវាយប្រហារនោះ មានអាកាសយានដ្ឋានយោធា១៤កន្លែង ទីបញ្ជាការយោធា១៩កន្លែង ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 និង Osaចំនួន២៤ប្រព័ន្ធការពារ និងរ៉ាដា៤៨គ្រឿង…។
លោកឧត្តមសេនីយ៍ Igor Konashenkov បញ្ជាក់ទៀតថា រុស្ស៊ីបានប្រើប្រាស់អាវុធវាយប្រហារចំគោលដៅខ្ពស់ ក្នុងនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីបវាយប្រហារពីដែនអាកាសនិងវាយប្រហារចេញពីនាវានៅដែនសមុទ្រដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។
លោកបន្តទៀតថា ក្រៅពីនេះកម្លាំងទាហានរុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន ៧គ្រឿង ឧទ្ធម្ភាគចក្រ៧គ្រឿង និងយន្តហោះគ្មានមនុស្សបើក ៩គ្រឿង។
ក្រៅពីនេះ ទាហានរុស្ស៊ីក៏បានកម្ទេចរថក្រោះអ៊ុយក្រែន៨៧គ្រឿង និងរថយន្តយោធា១១៨គ្រឿងផងដែរ។ មិនតែប៉ុណ្ណោះ នាវាចម្បាំងរបស់អ៊ុយក្រែនចំនួន៨គ្រឿងក៏រងការវាយកម្ទេចពីទាហានរុស្ស៊ីផងដែរ។
ក្នុងរយៈពេល៣ថ្ងៃនៃការវាយប្រហារពីរុស្ស៊ីបណ្តាលឱ្យពលរដ្ឋអ៊ុយក្រែន១៩៨នាក់ហើយបានស្លាប់ ក្នុងនោះមានកុមារ៣នាក់ ។ ចំណែកការខូចខាតផ្នែកយោធាវិញមិនទាន់មានតួលេខនោះឡើយ ដោយសារតែកំពុងតែធ្វើសង្គ្រាមគេមិនប្រកាសពីតួលេខទាហានស្លាប់និងរងរបួសនោះឡើយ ព្រោះខ្លាចបាក់ទឹកចិត្តដល់ទាហានផ្សេងទៀត។ តាមការសន្និដ្ឋានអាចនឹងមានទាំងហានរាប់រយនាក់ហើយបានស្លាប់ក្នុងសង្គ្រាមវាយប្រហារនោះ៕