ខេត្តសៀមរាបៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា២០២២នេះ រដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកស្វាយលើ បានចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។
ការចុះកម្ទេចនេះ ដឹកនាំបញ្ជាពីលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប ក្រោយពីមានការចុះធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ការសាងសង់ ឡដុតធ្យូង និងរុះរើឡធ្យូង។
មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារ បានប្រជុំពិភាក្សា ដោយបានលើកយក ពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយ នៅក្នុងអង្គពិភាក្សារួមគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រ អនុវត្តតាមនីតិវិធី។
ក្រុមការងារ បានសម្រេច ដូចខាងក្រោម ៖
១.ចំពោះឡណា ដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេច ធ្វើកិច្ចសន្យា ទុកសុពលភាព រយៈពេល ៣០ ថ្ងៃ ក្រោយពេលប្រមូលផលហើយ ឲ្យពួកគាត់ រុះរើដោយខ្លួនឯង។
២.ចំពោះឡដែលប្រមូលផលហើយ នៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនឹងកន្លែង។ ជាលទ្ធផលក្រុមការងារ សម្រេចធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព បាន ៥៤ ម្ចាស់ ដែលមានឡធ្យូង ចំនួន ៥៧ ឡ និងបានរុះរើ បំផ្លាញចោល បានចំនួន ២៨ ឡ ៕
https://www.rmn.asia