February 11, 2022

ភ្នំពេញ ៖ មន្រ្តីពន្ធាគារខេត្តទំនងជាទ្រាំលែងបានហើយ ធ្វើឲ្យមន្ត្រីក្រោមឱវាទដែលជាកូនចៅសម្រេចចិត្តដោយសេចក្ដីក្លាហាន ហ៊ានទាំងផ្ដិតមេដៃ និងសរសេរឈ្មោះរបស់ខ្លួនថែមទៀត ប្ដឹងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការ និងផ្តល់ភាពយុត្តិធម៌ជូនដល់ពួកគាតផង។

ដោយយោងតាមពាក្យបណ្ដឹង របស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ តាំងពីដើមខែមករា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែករណីនេះឃើញថា ខាងក្រសួងមហាផ្ទៃ បានធ្វើការប្រជុំពិភាក្សា លើលទ្ធផលនៃការធ្វើអធិការកិច្ចករណីនេះហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ។

ហើយមុននឹងឈានដល់ការរៀបរាប់អំពីចំណាត់ការ របស់ក្រសួងមហាផ្ទៃ នៅពេលនេះ គឺសូមបង្ហាញអំពីខ្លឹមសារពាក្យបណ្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានប្ដឹងមេកើយរបស់ខ្លួនជាប្រធានពន្ធនាគារ ទៅសម្ដេចក្រឡាហោម ស ខេង ជាមុនសិន។

យោងតាមពាក្យបណ្ដឹងនេះ គឺមន្ត្រីក្រោមឱវាទ បានគោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា រយៈកាលកន្លងមក លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តកំហុសជាច្រើនដូចខាងក្រោម៖

១-គ្មានក្រមសីលធម៌ និងវិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី។

២-យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាល បង្កភាពកខ្វក់ និងពេលខ្លះបង្កគ្រោះថ្នាក់ខាំមន្ត្រីឲ្យរបួសហើយមន្ត្រីវ៉ៃការពារខ្លះក៏មិនបាន។

៣-ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឲ្យគោរពតាមការណែនាំ របស់អនុប្រធានពន្ធនាគារទទួលផែន។

៤-បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេងៗពុករលួយដូចជា ធ្វើកំផែង៣៥០ម៉ែត្រ គឺ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើបានតែ២០ទៅ៣០ម៉ែត្រ គឺទុកចោល។

៥-បំបែកបំបាក់ការសាមគ្គីផ្ទៃក្នុង អាងអំណាចមិនឲ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួននោះទេ។

បើ យោងតាមហ្វេសប៊ុកផេក របស់អគារធិការដ្ឋានក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្រជុំពិភាក្សារបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។

ទោះបីយ៉ាងណា ក្នុងខ្លឹមសារនេះ ខាងអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា «តើនឹងមានចំណាត់ការបែបណាចំពោះប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យនៅឡើយនោះទេ»?៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed