អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ដនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ខេត្តកំពង់ចាម : នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដឹកនាំដោយលោក Peter Me ប្រធានសមាគមប្រចាំអាស៊ីប៉ាស៊ីហ្វិក ស្តីពីគម្រោងវេជ្ជសាស្ត្រ នៅក្នុងខេត្តកំពង់ចាម របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅសាលាខេត្តកំពង់ចាម។
គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ដនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយបានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានចុះធ្វើការជួសជុលកែលម្អ និងបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យបង្អែកស្រុក ចំនួនបី រួមមាន÷
១, មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២, មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមន្ទីរពេទ្យបង្អែកស្រុក ស្រីសន្ធរ ដោយចំណាយអស់ថវិកាសរុប ចំនួន ៥៥៧,៩៦២ដុល្លារ (សហរដ្ឋអាមេរិក)៕