កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ, សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលកូរ៉េ ចំពោះការសាងសង់នេះ

ភ្នំពេញ ៖ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។

លោកលើកទៀតថា «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ»។

ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed