ពិធីបុណ្យឆ្លងឆ្នាំនៅខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជាង៥ម៉ឺននាក់, ផ្ទះសំណាក់ និងសណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុ ត្រូវបានភ្ញៀវកក់ទុកពេញទាំងអស់
(ព្រះសីហនុ)៖ ពិធីបុណ្យឆ្លងឆ្នាំចូល២០២២ សម្រាប់ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៥ម៉ឺននាក់ ដោយទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍ ដែលភ្ញៀវទេសចរមកពីបណ្តារាជធានី-ខេត្ត នាំគ្នាបោះតង់ ក្រាលកន្ទេលរង់ចាំឆ្លងឆ្នាំសកលយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ មានភ្ញៀវទេសចរយ៉ាងច្រើនបានបោះតង់ ក្រាលកន្ទេលអង្គុយលេងនៅតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
ផ្ទះសំណាក់ និងសណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុ ត្រូវបានភ្ញៀវកក់ទុកពេញអស់ហើយ ដោយឡែកសម្រាប់ បឹងហ្ការឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងមក ម្យ៉ាងទៀតនៅតាមបណ្តោយឆ្នេរខ្សាច់សាធារណៈ ភ្ញៀវទេសចរបានបោះតង់ ឬក្រាលកន្ទេលពេញ។ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ជាង៥ម៉ឺននាក់ មានចំនួនច្រើន បើប្រៀបពិធីបុណ្យអំទូកនាពេលកន្លងទៅ។
នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់៕