កាស៊ីណូ សុខ គឹមម៉េង នៅស្រុកកំពង់ត្រឡាច បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង?
ខេត្តកំពត ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅភូមិព្រែកក្រឹស ឃុំតន់ហន់ ស្រុកកំពង់ត្រឡាច ខេត្តកំពត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ សុខ គឹមម៉េង នៅជាប់ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ និងល្បែងច្រកប្រភេទទៀតយ៉ាងគគ្រឹកគគ្រេងដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវពិនិត្យឡើងវិញជាបន្ទាន់ព្រោះម្ចាស់កាស៊ីណូរូបនេះកំពុងប្រព្រឹត្តបំពានលើអាជ្ញាប័ណ្ណរបស់ក្រសួងពាក់ព័ន្ធយ៉ាងកំរោល។
ចំណែកលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនទាន់ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូ សុខ គឹមម៉េង នៅច្រកតន់ហន់នៅឡើយទេ។
តាមការបញ្ជាក់ពីអ្នកធ្លាប់ចូលទៅលេងក្នុងទីតាំងកាស៊ីណូ សុខ គឹមម៉េង បានឲ្យដឹងថា ម្ចាស់កាស៊ីណូនេះមានខ្នងបង្អែកក្រាស់ណាស់ទើបអាចបើកសង្វៀនបញ្ជល់មាន់ វង់បៀអាប៉ោង ហើយអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់លេងដាក់ដើមថានច្រើនៗ ហើយល្បែងបៀអាប៉ោង ក៏ស៊ីសងលុយធំៗណាស់ដែរ ដោយក្នុងមួយថ្ងៃមានអ្នកជិះម៉ូតូ និងរថយន្តជាច្រើនគ្រឿងមកពីគ្រប់ទិសទីប្រមូលផ្តុំគ្នាលេងល្បែងយ៉ាងពេញបន្ទុក។
មានការបង្ហើបឲ្យដឹងថា ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តកំពត មួយចំនួនសម្ងំទទួលផលប្រយោជន៍ទើបម្ចាស់កាស៊ីណូ សុខ គឹមម៉េង មិនញញើតក្នុងការប្រព្រឹត្តបំពានច្បាប់យ៉ាងសុខស្រួល។
ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសងនៅក្នុងកាស៊ីណូ សុខ គឹមម៉េង នៅច្រកតន់ហន់ ស្រុកកំពង់ត្រឡាច ខេត្តកំពត ជាពិសេសអំពើចោរកម្ម និងបទល្មើសផ្សេងៗគឺជារឿងគួរឲ្យភ័យខ្លាចបំផុត។
ដោយហេតុថា ឥឡូវនេះម្ចាស់កាស៊ីណូ សុខ គឹមម៉េង ដែលមានខ្នងបង្អែកក្រាស់កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ហើយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនត្រូវមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរខេត្តកំពត និងស្នងការនគរបាលខេត្តកំពត តទៅទៀតទេ៕