គ្រូពេទ្យម្នាក់ ឆេះខ្លោចស្លាប់នៅលើជណ្តើរដែក ដោយសារឆក់ខ្សែភ្លើងស្លាប់
ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសម្នាក់បានឆក់ខ្សែភ្លើងដោយឆេះខ្លោចស្លាប់នៅលើជណ្តើរដែក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះលក់ឱសថស្ថានយីហោ ពន្លក ផ្ទះលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ មុខរបរលក់ថ្នាំពេទ្យនិងជា គ្រូពេទ្យមធ្យមស្នាក់នៅចំនុចកើតហេតុ ខាងលើ សពមានស្រុកកំណើតនៅភូមិ វាលវង់ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុគេឃើញមានជាងមួយក្រុមបានមកជួសជុលផ្ទះជាប់នឹងផ្ទះជនរងគ្រោះ។ ចំណែកជនរងគ្រោះនិងប្រពន្ធចាក់សោរពីខាងក្នុងសម្រាកក្នុងផ្ទះដោយពុំឃើញបើកទ្វារលក់ថ្នាំពេទ្យដូចរាល់ដងទេ ។
លុះដល់ពេលកើតហេតុអ្នកជិតខាងឮសំឡេងប្រពន្ធរបស់គាត់ស្រែកហៅឲ្យគេជួយទើបអ្នករស់នៅក្បែរនោះនាំគ្នាទៅ ជួយ។ពេលចូលទៅខាងក្នុងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់លើជណ្តើរដែកបាត់ទៅហើយដោយមានស្នាមខ្លោចឆេះពេញខ្លួន។ចំណែកពិដានជ័រនៅខាងលើឆេះធ្លាក់រាយប៉ាយពេញក្នុងផ្ទះ។
សមត្ថកិច្ចជំនាញបានពិនិត្យធ្វើកុសលវិច្ច័យសពរួចរាល់បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើង៕