កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១៥០០គូ ស្មើ៣០% នៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក
RMN News >October 30, 2021
ភ្នំពេញ៖ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ទុងប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican និង ឈ្មោះវិទ្យាសាស្រ្ត Pelecanus philippensis។ ទុងប្រផេះជាប្រភទជិតទទួលរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌូនេស៊ី ថៃ វៀតណាម ឡាវ និងមានកន្លែងបន្តពូជតែនៅ ឥណ្ឌា ស្រីលង្កា និងកម្ពជាប៉ុណ្ណោះ។ ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់វាចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។
លោករដ្ឋលេខាធិការបានបន្តថា, ទុងប្រផេះមានប្រវែងខ្លួន ១២៧-១៤០ស.ម ពេលបន្តពូជ៖ មាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ពេញវ័យ៖ នៅលើចំពុះ និងថង់គ្មានអុជៗខ្មៅទេ។ ទីជម្រក៖ បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប និងមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់ប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។ រដូវបន្តពូជ៖ ចាប់ពី ខែវិច្ឆិកា ដល់ ខែឧសភា មានពងពី ៣-៤។
បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះបាននាំកូនចៅផ្លាស់ទី រាយប៉ាយទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងមួយចំនួនរាយប៉ាយដល់ប្រទេស ជិតខាង ដើម្បីរស់នៅ និងរកចំណី និងត្រឡប់មកកាន់តំបន់បឹងទន្លេសាបវិញនៅរដូវបន្តពូជ។
កត្តាគំរាមកំហែងសំខាន់ៗទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។
ប្រភេទទុងប្រផេះនេះ ត្រូវបានការពារយ៉ាងតឹងរឹងនៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន នុងអង្គការដៃគូ WCS ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ហើយក៏បាននិងកំពុងអនុវត្តកម្មវិធីពិនិត្យ អង្កេត តាមដានពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប ១៥០០គូ ដែលចំនួននេះស្មើនឹង៣០% នៃចំនួនសរុបទូទាំងពិភពលោក។ ទុងបនរផេះនៅលើពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ៨៧០០ ទៅ ១២០០០ ក្បាល៕