មនុស្ស២នាក់ស្លាប់ជាប់នៅក្នុងរថយន្តក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ : រថយន្តតូច១គ្រឿងបើកល្បឿនលឿនដូចហោះចៃដនអាក្រក់បានបែកកង់ក្រោយរ៉េចង្កូតមកទទឹងទ្រូងផ្លូវស្រាប់តែមានរថយន្តធំមកពីក្រោយបុកខ្ទេចស្លាប់មនុស្ស២នាក់នៅក្នុងរថយន្ត រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៣១ តុលា ឆ្នាំ ២០២១ លើជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ ០៤៧៤ ខាងលិចស្ពានត្បែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថាអ្នកស្លាប់ទាំង២នាក់នោះមានឈ្មោះ គង់ ឆាយទាំង ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ អ្នកបើករថយន្តនិង អ្នករួមដំណើរ ឈ្មោះគង់ ព្រូ ភេទប្រុសអាយុ ៣៧ឆ្នាំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

លោកអធិការ បានបញ្ជាក់ថានៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកHIGH LANDER  ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653  អ្នកបើកមានឈ្មោះ គង់ ឆាយទាំង ត្រូវរថយន្តមួយគ្រឿងម៉ាកHINOពណ៍ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកនិងអ្នករួមដំណើរកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង០២នាក់ ។ ចំណែកអ្នកបើកថយន្ត HINOក្រោយពីកើតហេតុហើយ បានរត់គេចខ្លួនពី កន្លែងកើតហេតុបាត់ ។

សពជនរងគ្រោះទាំង២នាក់ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ  យកមកតំកល់ទុក នៅវត្តរហាល រងចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២យកមករក្សាទុកនៅអធិការដើម្បីដោះស្រាយនៅពេលក្រោយ៕   ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed