នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវ ឯកឧត្តម Min Aung Hlaing នូវ ០៤ចំណុចសំខាន់ៗដូចខាងក្រោម ៖

១)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ ឯកឧត្តម Min Aung Hlaing ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។

២)សម្តេចតេជោស្នើសុំឲ្យ ឯកឧត្តម Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងនាពេលខាងមុខនេះ ។

៣)អំពាវនាវ សុំអោយភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ ។ ដោយសម្ដេចតេជោ ស្នើសុំធ្វើយ៉ាងណាអោយភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ។

៤)សម្តេចតេជោបានអំពាវនាវ និងអញ្ជើញ ឯកឧត្តម Min Aung Hlaing ចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនប្រទេសមីយ៉ាម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលសម្ដេចតេជោធ្លាប់បានលើកឡើងជាមួយឯកឧត្តម Min Aung Hlaing កាលពីពេលទៅនេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed