លោកស្នងការថ្មី ឈាង ផាន់ណារ៉ា បានបង្កើនការយកចិត្តទុកដាក់ ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោកស្នងការរង អញ្ជេីញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបាទី។
មានមតិសំណេះសំណាលនាឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់លោកអធិការ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលស្រុកបាទី ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំង ជ្រោងទង់សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពខាងក្រៅ ពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។
បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានប្រគល់ប័ណ្ណសរសេីរ និងលិខិតសរសេីរ ចំណាត់ថ្នាក់ភូមិ ឃុំ មានសុវត្ថិភាព ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ ក្នុងស្រុកបាទី និងបានប្រគល់លិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន ០៣នាក់ ដែលមានស្នាដៃល្អនាពេលកន្លងមក និងថវិកាក្នុងម្នាក់ៗចំនួន ៥០.០០០រៀល(ប្រាំម៉ឺនរៀល) និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ ចំនួន ១.០០០.០០០រៀល(មួយលានរៀល) ដល់អធិការដ្ឋាននគរបាលស្រុកបាទីផងដែរ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ ១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តដំណើរចុះត្រួតពិនិត្យអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី នៃអធិការដ្ឋាននគរបាលស្រុកបាទីផងដែរ៕