សមត្ថកិច្ចនគរបាល បង្រ្កាបជនសង្ស័យជួញដូរនិងប្រើសារធាតុញៀន ប្រុសស្រី០៨នាក់  នៅភ្នំពេញ

ភ្នំពេញ:   ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុសស្រី០៨នាក់ ក្នុងនោះមាន០២នាក់ ទើបចេញពីពន្ធនាគារ ដែលមានទាំងកាំបិទច្នៃជាប់ខ្លួន ជាមុខសញ្ញាបង្កអសន្តិសុខសង្គម ត្រូវបាននគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាល ខណ្ឌឫស្សីកែវ បង្រ្កាបចាប់ខ្លួនជាមួយនឹងការដកហូតកាំបិទច្នៃ០១ដើម និងគ្រឿងញៀន០៨កញ្ចប់តូចធំ ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យ គ្រឿងញៀនទាំងនេះ កម្លាំងនគរបាលធ្វើឡើងរយ:ពេល០២ថ្ងៃគឺថ្ងៃទី១៥និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដឹកនាំកបញ្ជាកម្លាំងផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យ គ្រឿងញៀនទាំង០៨នាក់ មាន០៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ចំណែក០៥នាក់ទៀតប្រើប្រាស់គ្រឿងញៀន ។

លោកនាយការិយាល័យ ប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបជនដង្ស័យគ្រឿងញៀនទាំង០៨នាក់ បានសម្រេចនៅពេលនេះ គឺមុនដំបូងផ្តើមឡើង កម្លាំងនគរបាលអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យ គ្រឿងញៀនម្នាក់ បង្កអុកឡុកប៉ះពាល់អសន្តិសុខ ក្នុងមូលដ្ឋានមានឈ្មោះ សុខ វង្សកុសល រួមទាំងវត្ថុតាង គ្រឿងចំនួន០២កញ្ចប់ បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដើម្បីយកមកអនុវត្តតាមនីតិវិធី ។

បន្ទាប់ពីកម្លាំងជំនាញសាកសួរជនសង្ស័យនេះហើយ ក៏បានបន្តចុះឆែកឆេរបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឃាត់មុខសញ្ញាជួញដូរម្នាក់ឈ្មោះ យី ណារ៉េត ភេទប្រុស ជាមួយជនសង្ស័យ ចំនួន០៥នាក់ទៀត ក្នុងនោះស្រី០២នាក់ និងបានចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន:០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន:០១, កាំបិតច្នៃចំនួន:០១ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនផងដែរ ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា បន្ទាប់ពីបង្រ្កាបចាប់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនឈ្មោះ យី ណារ៉េត នេះហើយកម្លាំងសមត្ថកិច្ច បានបន្ដ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំ ។ 

ជនសង្ស័យគ្រឿងញៀនទាំង០៨នាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានចាប់បញ្ជូនយកទៅ ចាត់ការតាមផ្លូវច្បាប់នោះហើយ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed