ពលករខ្មែរ៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងនគរបាល៨១៥ធ្វេីការឃាត់ខ្លួន
RMN>September 29, 2021ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងនគរបាល៨១៥ធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣បានឱ្យដឹងថា លោកបានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) ដោយសហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីភូមិសន្តិភាព ឃុំទួលពង្រ រហូតដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃេីញពលករខ្មែរចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់ ប្រុស៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុងលួចឆ្លងអូរចូលទៅប្រទេសថៃដោយខុសច្បាប់ ក៏ត្រូវបានកម្លាំងសហការធ្វេីការឃាត់ខ្លួនដើម្បីសាកសួរនាំ រួចបានប្រគល់ជូនប៉ូលិសព្រំដែន៨១៥ ដេីម្បីអនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេីទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ ដោយសហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕