ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមនឹងមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្រុងសេរីសោភ័ណ្ឌ
បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ឱ្យត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។
ទោះយ៉ាងនេះក៏ដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមនឹងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕