គិតត្រឹមថ្ងៃទី១៩ សីហានេះ! មនុស្សជាង ២ពាន់នាក់បានស្លាប់ និង ១ម៉ឺនពីរពាន់នាក់រងរបួស ក្នុងករណីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារប្រទេសហៃទី
RMN .ASIA . >August 19, 2021
ព័ត៌មានអន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ចេញផ្សាយយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារស៊ីវិល (CPA) នៃប្រទេសហៃទី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា៖ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានស្លាប់មនុស្សស្លាប់ កេីនឡើងយ៉ាងគំហុកដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់ទៀតរងរបួស។ មិនតែប៉ុណ្ណោះ គិតត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរអគារបាក់បែក នៅតែកំពុងបន្តនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។គួរជម្រាបថា នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យលំនៅឋានប្រជាជន និងអគារសាធារណៈនានា រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ព្រមទាំងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ នៃប្រទេសដីកោះមួយនេះដួលរលំផងដែរ។ដោយឡែកជុំវិញបញ្ហានេះដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស កាលពីថ្ងៃពុធទី១៨ ខែសីហាម្សិលមិញនេះ បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ បន្ថែមពីនេះ លោកអគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសារមួយជូនដល់ប្រជាជនហៃទី នោះគឺអ្នកមិនឯកោឡើយ, យើងនឹងឈរនៅជាមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ»។គួររម្លឹកថា កាលពីខែមករា ឆ្នាំ២០១០កន្លងទៅ អ្វីដែលពិភពលោកទាំងមូលចងចាំមិនភ្លេចនោះ គឺរដ្ឋធានីព័រអូព្រីន នៃប្រទេសហៃទី បានទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានសម្លាប់មនុស្សរហូតដល់ជាង ២០០,០០០នាក់ ហើយពិតជាសោកនាដកម្មដ៏ធំធេង បង្កឡើងគ្រោះធម្មជាតិរញ្ជួយដី នៅក្នុងប្រទេសក្រីក្រដែលមានប្រជាជនជាង ១០លាននាក់៕