(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន ៥ ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យជាក់ស្ដែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោយមានព័ត៌មានថា កងកម្លាំងយោធាថៃ បានឈ្លានពានចូលមករាយបន្លាលួស កាន់កាប់ដី និងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាច្រើនគ្រួសារ។

ក្នុងឱកាសនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី ៥ បានជម្រាបជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាល អំពីស្ថានភាព និងព័ត៌មានលម្អិត ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃ ដែលបង្កឲ្យប្រជាពលរដ្ឋក្នុងតំបន់មានការខឹងសម្បា និងតវ៉ាប្រឆាំងយ៉ាងខ្លាំង។

តាមព័ត៌មានពីមូលដ្ឋាន កងកម្លាំងយោធាថៃ បានចូលមករាយបន្លាលួសនៅភូមិជោគជ័យ នៅម៉ោង ១៤:២០ នាទី រសៀល ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ដែលមានភូមិសាស្ត្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មក នៅម៉ោង ១៥:១៤ នាទី កងកម្លាំងថៃ បានព្យាយាមរាយបន្លាលួសជាថ្មី ប៉ុន្តែត្រូវបានប្រជាពលរដ្ឋម្ចាស់ដី និងពលរដ្ឋជិតខាង ទប់ស្កាត់យ៉ាងតាំងស្ទើរ រហូតដល់កងកម្លាំងថៃត្រូវដកបន្លាលួសរបស់ខ្លួនត្រឡប់ចេញវិញ។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការតវ៉ារបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ កើតឡើងដោយឆន្ទៈស្រឡាញ់ទឹកដី និងការពារកម្មសិទ្ធិច្បាស់លាស់របស់ខ្លួន។

ក្រសួងការពារជាតិបានវាយតម្លៃថា សកម្មភាពនៃការចូលពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អន្ដរកាល គឺជាជំហានសំខាន់ក្នុងការបញ្ជាក់និងបង្ហាញច្បាស់ពីអំពើឈ្លានពានរបស់កងកម្លាំងយោធាថៃ៕


