ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនសាធារណជន ឲ្យកាន់តែប្រុងប្រយ័ត្នចំពោះអំពើបោកបញ្ឆោតតាមបណ្តាញសង្គម Facebook ដែលកំពុងកើតមានញឹកញាប់។

តាមការរាយការណ៍ សកម្មភាពបោកបញ្ឆោតមានលក្ខណៈក្លែងបន្លំ ដោយជនសង្ស័យយករូបភាពបុគ្គលដ៏ទៃដែលមានរូបរាងស្អាតសង្ហា មកបង្កើតគណនី Facebook ក្លែងក្លាយ ហើយទាក់ទងនារីជាច្រើនជាមួយពាក្យស្នេហាផ្អែមល្ហែម។ ក្រោយពេលជនរងគ្រោះជឿជាក់ នឹងត្រូវបញ្ឆោតឲ្យថតរូប ឬវីដេអូអាក្រាត បន្ទាប់មកត្រូវគំរាមទារប្រាក់ជាច្រើនលើក។

ករណីថ្មីកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយនារីម្នាក់បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ម្ចាស់គណនី Facebook ឈ្មោះ “ចាន់ ពិសិដ្ឋ” ពាក់ព័ន្ធអំពើគំរាមកំហែង និងទារប្រាក់។ ជនសង្ស័យបានលួចថតវីដេអូអាក្រាតរបស់ជនរងគ្រោះ ហើយយកវាមកគំរាមបោកបញ្ឆោតទារប្រាក់។ ក្នុងដំណាក់កាលដំបូង ជនរងគ្រោះត្រូវបង្ខំឲ្យផ្ញើប្រាក់ចំនួន 1,000 ដុល្លារ តាមប្រព័ន្ធទ្រូម៉ានី ប៉ុន្តែបន្ទាប់មក ជនសង្ស័យនៅតែបន្តទាមទារប្រាក់បន្ថែមទៀត។

ក្រោយពេលទទួលបានបណ្ដឹង កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ រកឃើញថា តម្រុយនៃករណីនេះ មានទំនាក់ទំនងទៅដល់អ្នកជាប់ពន្ធនាគារខេត្តស្ទឹងត្រែង។ កម្លាំងអាវុធហត្ថបានសហការជាមួយអាវុធហត្ថស្ទឹងត្រែង បង្ក្រាបនិងចាប់ខ្លួនជនពាក់ព័ន្ធចំនួន ៦ នាក់។

ក្នុងនោះ រួមមានអ្នកដកប្រាក់ចំនួន ៣ នាក់៖ ម៉ាត់ ស្លាម៉ាស់ ភេទស្រី អាយុ ៤១ ឆ្នាំ ។ ឡេន ធីដា ភេទស្រី អាយុ ៤២ ឆ្នាំ
ស៊ី វីឡែន ភេទប្រុស អាយុ ១៨ ឆ្នាំ
ក្រៅពីនេះ សមត្ថកិច្ចបានរកឃើញថា មានទណ្ឌិតចំនួន ៣ នាក់ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ដែលជាអ្នករចនាការបោកបញ្ឆោត និងគំរាមទារប្រាក់រឿងនេះផ្ទាល់ គឺ៖ ជាង ខេងលី ត្រូវទោស ៣ ឆ្នាំ ពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀន (ជាអ្នកបង្កើតគណនីក្លែងក្លាយ និងទាក់ទងជនរងគ្រោះ)
ស្រេន ឡាង ត្រូវទោស ១៣ ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងសមគំនិតឃាតកម្ម (ជាប្តីរបស់ ម៉ាត់ ស្លាម៉ាស់ និងជាអ្នកផ្តល់ទូរស័ព្ទឲ្យ ជាង ខេងលី ប្រើ)
ហេង សៀវត្រា ត្រូវទោស ៣ ឆ្នាំ ពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀន (ជាអ្នកជួយលាក់ទូរស័ព្ទ និងស៊ីមកាតក្នុងពន្ធនាគារ)

បច្ចុប្បន្ន ករណីនេះ កំពុងដំណើរការនិតិវិធីក្រោមការត្រួតពិនិត្យរបស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានអំពាវនាវឲ្យប្រជាពលរដ្ឋពិនិត្យឲ្យបានប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គម មិនគួរជឿទំនាក់ទំនងពីគណនីក្លែងក្លាយ ឬបញ្ជូនព័ត៌មានផ្ទាល់ខ្លួនដែលអាចនាំឲ្យក្លាយជាជនរងគ្រោះនៃការបោកបញ្ឆោត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed