នៅក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តចំនួន ៤ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសខេត្តដែលស្ថិតនៅក្នុងភូមិភាគតែមួយ ត្រូវរួមគ្នាពង្រឹងកិច្ចសហការតាមរយៈការចែករំលែកបទពិសោធន៍ការងារប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។

ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យមន្ត្រីរបស់ខ្លួន ពិសេសមន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍ ដោយជំរុញឱ្យពួកគាត់មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជំនាញដល់មន្ត្រីវ័យក្មេង ដែលជាអ្នកបន្តវេន។ ជាមួយគ្នានេះ មន្ទីរត្រូវពង្រឹងគុណភាពការងារ និងសមត្ថភាពមន្ត្រីលើការងារព័ត៌មាននិងសោតទស្សន៍ ដោយបន្តផ្ដោតសំខាន់លើការងារគ្រប់គ្រងព័ត៌មាន និងបន្តជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងសមិទ្ធផលនានារបស់ខេត្ត ដែលជាចំណុចសំខាន់មួយក្នុងការរួមចំណែកទប់ស្កាត់ និងឆ្លើយតបនឹងព័ត៌មានក្លែងក្លាយផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្តថា ចំពោះការងារព័ត៌មាន និងសាធារណមតិ មន្ទីរត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការឱ្យបានល្អជាមួយអ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តរបស់ខ្លួន តាមរយៈការរៀបចំការជួបជុំជាប្រចាំជាមួយពួកគាត់ ដើម្បីក្ដាប់ឱ្យបាននូវបញ្ហា និងកត្តាប្រឈមផ្សេងៗ ហើយមន្ទីរក៏អាចចែករំលែកពីការងារអាទិភាពផ្សេងៗរបស់រដ្ឋបាលរាជធានីខេត្ត រួមទាំងគោលការណ៍ណែនាំនានា ដើម្បីឱ្យពួកគាត់បានយល់ដឹងបន្ថែមជាពិសេស គឺដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់សារព័ត៌មានឱ្យកាន់តែមានលក្ខណៈប្រសើរ ត្រឹមត្រូវ គ្រប់គ្រាន់ និងស្របតាមវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌។

ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួង ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះវគ្គបំប៉នរយៈពេល ២ថ្ងៃកន្លងមកនេះ ដែលជាឱកាសឱ្យមន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត បង្កើនយុទ្ធសាស្ត្រទំនាក់ទំនង និងកិច្ចសហការគ្នារវាងមន្ទីរនិងមន្ទីរ ដើម្បីបំពេញតួនាទីជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាសេនាធិការរបស់ក្រសួងព័ត៌មានផ្ទាល់។ ការធ្វើបែបនេះ គឺដើម្បីរក្សាបាននូវព័ត៌មានដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់។ តាមរយៈវគ្គបំប៉ននេះ មន្ត្រីជាសិក្ខាកាមទាំងអស់នឹងកាន់តែមានសមត្ថភាពក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ព្រមទាំងជំរុញការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយបានកាន់តែលឿន និងទាន់ពេលវេលា ចំពោះរាល់ការផ្សព្វផ្សាយនានានៅលើបណ្ដាញសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសផងដែរ៕



