ភ្នំពេញ – តំណាងផ្សារឬស្សីកែវថ្មី និងក្រុមអាជីវករ ដែលបានផ្លាស់ពីការលក់តាមចិញ្ចើមផ្លូវ ១០៥ (ជ្រោះបាត់ស្នេហ៍) ភូមិទួលគោក សង្កាត់ទួលសង្កែទី១ មកលក់ក្នុងផ្សារឬស្សីកែវថ្មី អំពាវនាវឲ្យអាជីវករផ្សេងទៀត ដែលនៅតែបន្តលក់បន្លែ ផ្លែឈើ និងត្រីសាច់តាមដងផ្លូវ សហការផ្លាស់ទីមកលក់ក្នុងផ្សារ ដើម្បីជៀសវាងបញ្ហាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

ក្រុមអាជីវករដែលបានផ្លាស់ទីមកលក់ក្នុងផ្សារឬស្សីកែវថ្មី បានបញ្ជាក់ថា ការលក់ក្នុងផ្សារឬស្សីកែវថ្មីមានភាពងាយស្រួលជាច្រើន ពីព្រោះម្ចាស់ផ្សាររៀបចំតូបតាមលក្ខណៈស្តង់ដារ មានដំបូលគ្របស្អាត បង្គន់អនាម័យ ផ្លូវទូលំទូលាយងាយស្រួលសម្រាប់ទិញ និងលក់ ដោយមិនបារម្ភពីគ្រោះថ្នាក់ ឬការដេញពីក្រុមសណ្តាប់ធ្នាប់ដូចមុន។

លោក ម៉ូវ ឈាឡេង តំណាងលោក ហំ សំណាង ប្រធានផ្សារឬស្សីកែវថ្មី ប្រាប់ថា ផ្សារឬស្សីកែវថ្មីនេះបានបើកដំណើរការចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ មានតូបសរុបប្រមាណ ៦៣០ តូប ហើយមានអាជីវករចូលមកលក់បន្ដបន្ដាប់រហូតដល់បច្ចុប្បន្ន។ លោកបានលើកទឹកចិត្តឲ្យអាជីវករទាំងអស់ បញ្ចប់ការលក់តាមដងផ្លូវសាធារណៈ ហើយមកចូលរួមលក់ក្នុងផ្សារ ដើម្បីអភិរក្សសណ្តាប់ធ្នាប់ និងភាពស្អាតស្រស់របស់ទីក្រុង។

គួររំលឹកថា នាពេលថ្មីៗនេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានអោយក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវ ១០៥ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ និងហាមឃាត់ការលក់តាមចិញ្ចើមផ្លូវ ដើម្បីបញ្ចប់ភាពរញ៉េរញ៉ៃ និងកកស្ទះចរាចរណ៍។

ចុងក្រោយនេះ លោក ម៉ូវ ឈាឡេង បានថ្លែងអំណរគុណចំពោះអាជ្ញាធរ ពាក់ព័ន្ធ រួមទាំងលោកស្រីចៅសង្កាត់ និងលោកអភិបាលខណ្ឌឬស្សីកែវ ដែលបានចូលរួមគាំទ្រនិងរៀបចំសណ្តាប់ធ្នាប់ ឲ្យផ្លូវ ១០៥ មានភាពរលូនប្រសើរឡើងវិញ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *