ខេត្តតាកែវ៖ នៅពេលនេះ ប្រជាពលរដ្ឋនៅខេត្តតាកែវកំពុងអបអរសាទរចំពោះចំណាត់ការប្រតិបត្តិការរបស់កម្លាំងនគរបាល ដែលបានអនុវត្តយ៉ាងម៉ឹងម៉ាត់ក្នុងការបង្ក្រាបនិងទប់ស្កាត់រថយន្តដឹកសំពីងសំពោងនៅលើផ្លូវក្នុងភូមិសាស្ត្រខេត្ត។
ការដឹកជញ្ជូនសំពីងសំពោងដោយរថយន្តបានកាត់បន្ថយយ៉ាងច្រើន បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអនុវត្តតាមបទបញ្ជារបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ ការណែនាំនេះត្រូវបានបញ្ជាក់នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដោយមានគោលបំណងច្បាស់លាស់ក្នុងការបញ្ឈប់ការដឹកទំនិញសំពីងសំពោងដាច់ស្រយាលនៅក្នុងខេត្ត។
បន្ទាប់ពីអង្គប្រជុំនោះ លោកស្នងការខេត្តបានចេញបញ្ជាជូនកម្លាំងនគរបាលក្រុង-ស្រុកទាំង១០ ដើម្បីអនុវត្តយុទ្ធនាការជាក់លាក់។ កងកម្លាំងបានចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងរឹតបន្តឹង ជាពិសេសចំពោះរថយន្តដឹកទំនិញដែលរំលោភច្បាប់។
ជាក់ស្ដែងនៅលើដងផ្លូវជាតិសំខាន់ៗ ការចរាចររថយន្តដឹកសំពីងសំពោងបានថយចុះយ៉ាងច្រើន។ ភាពស្ងប់ស្ងាត់ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមក៏បានកើនឡើង ដោយគ្មានបញ្ហាគួរឱ្យកត់សម្គាល់កើតឡើងដូចមុន។ ទន្ទឹមនឹងនេះ ការរិះគន់លើកនគរបាលចរាចរណ៍តាមបណ្ដាញសង្គមក៏បានថយចុះផងដែរ។
សំខាន់ជាងនេះ គឺប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទូទៅ និងអ្នកដឹកទំនិញ បានចាប់ផ្តើមយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាចំណុចមួយគួរឱ្យអបអរសាទរ និងគួរឲ្យគាំទ្រជាទំាងស្រុង។
នេះជាសញ្ញាបង្ហាញថា ការចេញបញ្ជាយ៉ាងច្បាស់លាស់ និងមានវិធានការដឹកនាំរបស់ស្នងការនគរបាលខេត្ត និងការចូលរួមដ៏សកម្មរបស់កងកម្លាំងនគរបាលកម្រិតក្រោម ធ្វើឲ្យការប្រតិបត្តិការនេះទទួលបានជោគជ័យខ្លាំង។
ពលរដ្ឋបានអះអាងថា ការចូលរួមដ៏រហ័សរហួននេះជាជំហានដ៏សំខាន់មួយក្នុងការលើកស្ទួយសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិក្នុងខេត្តតាកែវ៕




