ភ្នំពេញ: ផ្លូវបេតុង១ខ្សែមានប្រវែង១៥៣ម៉ែត្រការ៉េ ទទឹង ៥ម៉ែត្រ កម្រាស់១តឹកកន្លះ ស្ថិតនៅក្នុងភូមិកំបូល ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរដែនដី សង្កាត់កំបូល ខណ្ឌកំបូល ធ្វើការចាក់ដី កំទេចថ្មលុបជង្ហុកក្រហេងក្រហូង គៀរកិន បង្ហាប់ ចាក់ប៉េតុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
កាលពីនៅព្រឹកថ្ងៃទី២១/ ២២ ខែឧសភា ឆ្នាំ២០២៥ គេឃើញមាន រថយន្តដឹកដីកំទេចថ្ម គ្រឿងចក្រកិនបង្ហាប់ ឈូសដី កំទេចថ្មព្រមទាំងរថយន្ត បានធ្វើការដឹកជញ្ជូនកំទេចថ្មម៉ិច និងឈូសគៀរកិន បង្ហាប់នៅតាម ជង្ហុកក្រហេង ក្រហូង លើផ្លូវលំ១ខ្សែ ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោក យឹម គង់ ប្រធានភូមិកំបូល បានឱ្យដឹងថា : ដោយមានការចង្អុលបង្ហាញ ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និង លោក មោង អាន ចៅសង្កាត់កំបូល អោយដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែង ។ដោយមើលឃើញ ពីការលំបាកក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនផ្សេងៗ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជា ពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន ជារៀងរាល់ថ្ងៃក្នុងរដូវវស្សាឆ្នាំនេះ ព្រោះស្ថានភាពផ្លូវទទួលរងការខូចខាតមានជង្ហុក ក្រហេងក្រហូងជាអន្លើៗតាមដងផ្លូវ ទើបរូប លោក និងលោក មុត សារ៉េត អនុប្រធានភូមិ ព្រមទាំងប្រជាការពារ ក្នុងនាមជា អាជ្ញាធរដែនដីមូលដ្ឋានបានគោរពស្នើសុំទៅតាមឋានានុក្រមតាមរយ:ថ្នាក់ដឹកនាំ សង្កាត់កំបូល ទៅថ្នាក់ដឹកនាំ ដើម្បីទទួលបាននៅផ្លូវ១ខ្សែនេះ ។
លោកមេភូមិកំបូលបានបញ្ជាក់ថា: ផ្លូវដែលសាលាខណ្ឌផ្ដល់ឱ្យក្នុងភូមិរបស់លោកមានប្រវែង១៥៣ម៉ែត្រ កម្រាស់ ១តឹកកន្លះ ហើយបានផ្ដល់ជូនផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងភូមិពីរទៀតមានដូចជា ភូមិត្រិបមានប្រវែង៨៨៣ម៉ែត្រ និងភូមិតាកេរ៍ មានប្រវែង៥២៧ម៉ែត្រ សរុបទាំងបីភូមិមានចំនួន១៥៦៣ម៉ែត្រការ៉េ។
ហើយជាថវិការបស់សាលាខណ្ឌ ដែលផ្ដល់ឱ្យប្រជាជនក្នុងភូមិកំបូលរបស់ខ្ញុំនេះ ហើយក្នុងនោះប្រជាជនរបស់ខ្ញុំក៏ត្រេកអរ ជាអំណោយផលចៅហ្វាយខណ្ឌដែលផ្ដល់ជាផ្លូវបេតុងឲ្យប្រជាពលរដ្ឋ តែក្នុងនោះក៏មានប្រជាពលរដ្ឋ សហការជួយជាលូចំនួន១៤៧កង់ ក្នុងកង់នីមួយៗមានតម្លៃ ២១ដុល្លារសរុបជាទឹកប្រាក់ចំនួន៣០៤៧ដុល្លារ ដោយមានទឹកចិត្តចូលរួមជាមួយថវិការបស់រដ្ឋ ។
ក្នុងនោះដែលប្រជាពលរដ្ឋក្នុងភូមិកំបូលបានឃើញរថយន្តនិងគ្រឿងចក្រ កិនបង្ហាបលុបជង្ហុកក្រហេងក្រហូង នឹងធ្វើផ្លូវបេតុងបែបនេះ ពួកគាត់ រស់នៅក្នុងភូមិ មានការសប្បាយរីករាយត្រេកអរយ៉ាងខ្លាំង ដោយបានផ្លូវល្អងាយស្រួលធ្វើដំណើរ ប្រកបមុខរបរ អាជីវកម្មផ្សេងៗ ជាពិសេសសិក្សានុសិស្សធ្វើដំណើរទៅសាលារៀន ក្នុងរដូវវស្សារឆ្នាំនេះ៕












