ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា ត្រូវបានបណ្ដាប្រទេសលើសកលលោកទទួលស្គាល់ថាជាប្រទេសគម្រូ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សេរីភាពជំនឿសាសនាពលរដ្ឋទូទៅ រួមទាំងសាសនិកឥស្លាម។
សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា គ្មានសាសនាណាមួយបង្រៀនសាវ័កឱ្យប្រព្រឹត្តអំពើបាបនោះទេ ពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួនឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ ភាពស្មោះត្រង់។
សម្ដេចធិបតី ថ្លែងថា ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ សិទ្ធិសេរីភាពរបស់ខ្មែរឥស្លាមត្រូវបានរស់រានឡើងវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ចំពោះខ្មែរឥស្លាម ពិសេសក្នុងពេលកម្ពុជារាតត្បាត ព្រោះជំងឺកូវីដ១៩។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពេលអញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ ឥស្លាម និងពុទ្ធសាសនា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។















