ក្នុងនោះ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្ម គឺជាកម្មវិធីនយោបាយទី៦ ដែលត្រូវអនុវត្តភ្លាមៗ ដើម្បីធ្វើឱ្យវិស័យកសិកម្ម និងជួយដល់ជីវភាពរបស់ប្រជាកសិករឱ្យមានភាពប្រសើរឡើង។

ដើម្បីសម្រេចការងារខាងលើក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ» ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដើម្បីដាក់ពង្រាយ នៅតាមភូមិសាស្ត្រឃុំគោលដៅចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧។

ក្រោយពីបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន២៥០ ដោយជោគជ័យរួចមក រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ កំពុងប្រកាសទទួលពាក្យជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១០០០កន្លែងទៀត ដើម្បីដាក់ពង្រាយបន្ថែមនៅទូទាំងប្រទេស។ សាធារណៈជន យុវជន យុវនារី ដែលមានបំណងក្លាយជាមន្ត្រីកសិកម្មឃុំ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (https://go.gov.kh/era/agric1000) ដើម្បីចូលរួមប្រឡងប្រជែងស្មើៗគ្នា ប្រកបដោយសុក្រឹត្យភាព។

សូមអញ្ជើញទស្សនាវីដេអូឯកសារ ដែលរៀបរាប់ពីការចុះទៅបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ ក្រោមចំណងជើងថា «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed