ប៉េកាំង ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ជំនួបលេីកទី៤នៃបណ្តាថ្នាក់ដឹកនាំសមាគមមិត្តភាពរវាងASEANជាមួយចិនត្រូវបានប្រារព្ធឡេីងនៅទីស្នាក់ការកណ្តាលនៃសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស។ លោក Yang Wanming ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងប្រធានសមាគមមិត្តភាពរបស់បណ្តាប្រទេសASEANជាមួយចិនបានជួបប្រជុំពិភាក្សាពីសមិទ្ធផលនានា និងគោលដៅសម្រាប់ឆ្នាំ២០២៥ ។

ថ្លែងគាំទ្រប្រសាសន៍របស់លោក Yang Wanming និងអង្គពិធីទាំងមូល ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបវំដោយជោគជ័យនូវបេសកកម្មការងារជាច្រេីនដែលបម្រេីដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងសមាគមមិត្តភាពនៃប្រទេសយេីងទាំងពីរ។

ឯកឧត្តមប្រធានក៏បានរំលេចយ៉ាងច្បាស់ពីសន្តិភាពនិងការអភិវឌ្ឍរបស់តំបន់អាស៊ាននិងចិនដោយមិនអាចខ្វះបានពីទម្រដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានឡេីយ។ ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះលេីកទឹកចិត្តដល់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីសក្តានុពលរបស់កម្ពុជាទាក់ទាញដល់ទេសចរនិងវិនិយោគិនចិនកាន់តែច្រេីនមករួមចំណែកបង្កេីនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងការលេីកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា។

ឯកឧត្តមបានផ្តល់ទឡ្ហីករណ៍ពីការវិនិយោគនៅកម្ពុជាពីវិនិយោគិនចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៤។

អង្គពិធីទាំងមូលបានយល់ស្របជាមួយនិងប្រសាសន៍របស់ឯកឧត្តមប្រធាន ដោយបានឯកភាពគ្នាថា បណ្តាសមាគមមិត្តភាពរបស់ASEAN និងចិន គឺជាវេទិកាដ៏ល្អក្នុងការប្រមូលផ្តុំបណ្តាសង្គមស៊ីវិលក្នុងការរួមចំណែកលេីសពីការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយផ្តល់ការរួមចំណែកបង្កេីនការថែរក្សាសន្តិភាព វិបុលភាព និងរួមគ្មាកសាងសហគមន៍ដែលមានជោគវាសនារួមរវាងASEANនិងចិនថែមទៀតផង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *