នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈានមុខមួយលើវិស័យបច្ចេកវិទ្យាហើយដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
ការចុះ MOU ជាមួយក្រុមហ៊ុន Huawei គឺជាការបោះជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញឱ្យអំណាចទី៤នេះដើរទាន់បរិបទនៃបរិវត្តកម្មឌីជីថលក្នុងយុគសម័យឧស្សាហកម្ម 4.0។
បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្ដុះបណ្ដាល និងការធ្វើវិក្រឹតការដល់អ្នកសារព័ត៌មាន។ ហេតុដូច្នេះហើយទើបក្នុងពេលកន្លងមកថ្មីៗនេះ ក្នុងសកម្មភាពស្រដៀងគ្នានេះ ក.អ.ក ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអក្ខរកម្មឌីជីថល និងការផលិតព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដល់អ្នកសារព័ត៌មាន។
ក.អ.ក យល់ឃើញថា ការបន្តចាប់យកឱកាសពីវត្តមាន និងការវិវត្តនៃបច្ចេកវិទ្យាថ្មីៗគឺជាភាពចាំបាច់ដែល ក.អ.ក ត្រូវបន្តស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រុមហ៊ុននានាដែលជំនាញលើវិស័យ បច្ចេកវិទ្យាជាពិសេសជាមួយក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាគឺក្រុមហ៊ុន Huawei នាពេលនេះ។
ជាមួយគ្នានេះដែរ ក.អ.ក បើកទូលាយដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀតដើម្បីចូលរួមទ្រទ្រង់គាំទ្រដល់បេសកកម្មរបស់ ក.អ.ក សំដៅពង្រឹងសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍