ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា ប្រទេសទាំងពីរបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំនៅជប៉ុននឹងបង្កើត “អគ្គបញ្ជាការដ្ឋាននៃកងទ័ពចម្រុះ” ពោលគឺអគ្គបញ្ជាការដ្ឋាននៃកងទ័ពអាមេរិកប្រចាំនៅជប៉ុនដែលនឹងក្លាយជាទីបញ្ជាការទូទៅនៃកងទ័ពគ្រប់ប្រភេទឬហៅថា “កងទ័ពចម្រុះ” ដែលអាចគ្រោងផែនការប្រតិបត្តិការទ្រង់ទ្រាយធំជាមួយភាគីជប៉ុន ប្រការនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសាធារណមតិអន្តរជាតិ ។
តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោកបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយបានយល់ឃើញថា ការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើត “ក្រុមតូច”ខាងសន្តិសុខយោធាជាការគំរាមកំហែងថ្មីដែលបង្កផលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ សហគមន៍អន្តរជាតិត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៩០,៣៣ភាគរយបានយល់ឃើញថា ជប៉ុនបានដើរកាន់តែឆ្ងាយតាមផ្លូវប្រកបដោយគ្រោះថ្នាក់ដែលល្មើសនឹងធម្មនុញ្ញសន្តិភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៧៥ភាគរយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់ជប៉ុនផ្គាប់ចិត្តសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខការទូត ដោយព្រួយបារម្ភថា ទង្វើនេះនឹងបំផ្លាញសន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបង្កើនការបដិបក្ខគ្នាជាក្រុមក្នុងតំបន់ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៩៣ភាគរយអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនបង្ហាញពីភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ខ្លួន តាក់តែងគោលនយោបាយការទូតដែលសមស្របយ៉ាងពិតប្រាកដនឹងផលប្រយោជន៍ជាតិជប៉ុន ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖