នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងររវាងប្រទេសចិននិងលោកខាងលិច ប្រទេសអ៊ីតាលីបានដើរតួអង្គយ៉ាងពិសេស។ ក្នុងប្រវត្តិសាស្ត្រ ផ្លូវសូត្របុរាណបានតភ្ជាប់ប្រទេសអរិយធម៌បុរាណទាំងពីរនេះ។ កាលពីជាង៧រយឆ្នាំមុន លោកMarco Poloអ្នកដើរផ្សងព្រេងបានធ្វើដំណើរនៅប្រទេសចិនដែលបានបើកបង្អួចឱ្យលោកខាងលិចយល់ដឹងពីប្រទេសចិន។ រឿងរ៉ាវរបស់គាត់ត្រូវបានល្បីរន្ទឺនៅទូទាំងប្រទេសចិន ហើយបានក្លាយជានិមិត្តរូបនៃមិត្តភាព។

ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី។ នៅពេលចុងក្រោយនេះ លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួននៅប្រទេសចិនក្នុងកំឡុងពេលកាន់តំណែង។ នៅថ្ងៃទី២៩ខែកក្កដា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីនៅទីក្រុងប៉េកាំង។មេដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែបានលើកឡើងដល់”ស្មារតីផ្លូវសូត្រ”។

ហេតុអ្វីបានជា”ស្មារតីផ្លូវសូត្រ”ត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ម្ល៉េះ?នេះមិនត្រឹមតែដោយសារវាជាការចងចាំប្រវត្តិសាស្រ្តនិងចំណងវប្បធម៌រួមរបស់ប្រជាជនចិននិងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារស្មារតីនេះប្រកបដោយទស្សនៈស្តីពីសន្តិភាព ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់វា បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសដែលកកើតឡើងក្នុងទំនាក់ទំនងរវាងចិននិងអ៊ីតាលីកន្លងមកផងដែរ ដែលសមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍និងប្រកបដោយគុណតម្លៃនៃយុគ្គសម័យ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៅអាស៊ីរបស់អ៊ីតាលី ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី៧០ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ នាពេលបច្ចុប្បន្ន មានសហគ្រាសអ៊ីតាលីចំនួនជាង១៦០០កំពុងធ្វើអាជីវកម្មនៅប្រទេសចិន ហើយផលិតផលអ៊ីតាលីដូចជាសម្លៀកបំពាក់ ម្ហូបអាហារនិងរថយន្តជាដើមមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសចិន។ ក្នុងនាមជាសមាជិកដ៏សំខាន់នៃអង្គការសហប្រជាជាតិនិងប្រទេសG20 ចិននិងអ៊ីតាលី សុទ្ធតែផ្តួចផ្តើមឱ្យមានពហុភាគីនិយមនិងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ល។ ចំណុចរួមទាំងនេះបានធ្វើឱ្យមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីមានភាពរឹងមាំ។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា មុនពេល លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបំពេញទស្សនកិច្ចនៅប្រទេសចិន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ទើបបានបញ្ចប់។ កិច្ចប្រជុំពេញអង្គបានរៀបចំចាត់ចែងការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថាប្រទេសចិននឹងពង្រីកការបើកចំហចំពោះបរទេស។ក្រោមស្ថានភាពថ្មី តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី? មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការនឹងការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ដូចជាការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា រថយន្តដើរដោយថាមពលអគ្គិសនីនិងបញ្ញាសិប្បនិម្មិតជាដើម។ភាគីចិនសូមស្វាគមន៍សហគ្រាសអ៊ីតាលីមកវិនិយោគទុននៅប្រទេសចិន ហើយរីករាយនាំចូលផលិតផលដ៏មានគុណភាពខ្ពស់របស់អ៊ីតាលីកាន់តែច្រើន។ ភាគីអ៊ីតាលីបានបញ្ជាក់យ៉ាងជាក់លាក់ថា ប្រឆាំង”ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” និងការការពារនិយម ហើយរីករាយដើរតួនាទីជាវិជ្ជមានក្នុងការជំរុញអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប។

ពីការចុះហត្ថលេខារួមគ្នាលើឯកសារសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឧស្សាហកម្ម ការអប់រំនិងការពារបរិស្ថានជាដើម ដល់ការដាក់ចេញផែនការប្រតិបត្តិរយៈពេល៣ឆ្នាំ ស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មតិឯកភាពនិងសមិទ្ធផលសំខាន់ៗមួយចំនួនបានបំពេញបន្ថែមនូវកម្លាំងចលាករថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីតាលី ហើយក៏មានអំណោយផលដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានអត្ថាធិប្បាយថា នេះជាសញ្ញាកត់សម្គាល់ថា”កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីបានឈានចូលដំណាក់កាលថ្មី”។

ពីផ្លូវសូត្របុរាណរហូតដល់《កំណត់ហេតុធ្វើដំណើររបស់លោកMarco Polo》 រឿងរ៉ាវល្អៗអំពីការប្រាស្រ័យទាក់ទងរវាងចិននិងអ៊ីតាលីនៅតែត្រូវបានកោតសរសើរមកដល់សព្វថ្ងៃនេះ។ដោយប្រកាន់ខ្ជាប់នូវ”ស្មារតីផ្លូវសូត្រ” ក្រេបជញ្ជក់ប្រាជ្ញាប្រវត្តិសាស្ត្រនិងផ្តល់នូវអត្ថន័យនៃយុគសម័យថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីនឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបនិងពិភពលោក៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *