ថ្ងៃទី ២៣ ខែកក្កដា នៅក្រុងប៉េកាំង បុព្វហេតុរំដោះប៉ាឡេស្ទីនទទួលបានវេលាគន្លឹះជាប្រវត្តិសាស្ត្រ ពោលគឺឆ្លងតាមរយៈកិច្ចសន្ទនាផ្សះផ្សាគ្នាផ្ទៃក្នុងរបស់ប៉ាឡេស្ទីនរយៈពេល៣ថ្ងៃ បក្សពួកចំនួន ១៤នៃប៉ាឡេស្ទីនបានចុះហត្ថលេខារួមគ្នាលើ«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន»។ សេចក្តីប្រកាសនេះបានកំណត់យ៉ាងច្បាស់លាស់ថា អង្គការរំដោះប៉ាឡេស្ទីនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបានឈានដល់គំនិតឯកភាពគ្នាអំពីការគ្រប់គ្រងតំបន់ហ្កាហ្សាបន្ទាប់ពីបញ្ចប់សង្គ្រាម និងការបង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិជាបណ្តោះអាសន្ន ។
  ការផ្សះផ្សាលើកនេះគឺបានមកដោយមិនងាយទេ វាគឺជាជំហានដ៏សំខាន់មួយក្នុងការសម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ា ។ ថ្លែងក្នុងសុន្ទរកថា លោក Mahmad Alulប្រធានគណៈប្រតិភូអង្គការFatahនិងលោកMussa Abu Marzuk ប្រធានគណៈប្រតិភូអង្គការហាម៉ាស់បានតំណាងឱ្យបក្សពួកនានានៃប៉ាឡេស្ទីន សូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំនិងជំនួយឧបត្ថម្ភដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដល់ប៉ាឡេស្ទីនក្នុងរយៈពេលជាយូរកន្លងមក ហើយបានកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលបានប្រកាន់ខ្ជាប់ភាពយុត្តិធម៌និងសច្ចធម៌ក្នុងបញ្ហាប៉ាឡេស្ទីននៅលើឆាកអន្តរជាតិ។ ស្ថានីយទូរទស្សន៍Al Arabiya នៃប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើការអត្ថាធិប្បាយថា កិច្ចការទូតរបស់ប្រទេសចិនបានបង្ហាញឱ្យឃើញនូវកាតព្វកិច្ចនិងទំនួលខុសត្រូវដែលគួរឱ្យកត់សម្គាល់និងគួរឱ្យស្ងើចសរសើរ ។
   លើកនេះ  តំណាងបក្សពួកចំនួន ១៤ ទាំងអស់នៅផ្ទៃក្នុងប៉ាឡេស្ទីនបានជួបជុំគ្នាជាលើកដំបូងនៅក្រុងប៉េកាំង ដើម្បីធ្វើកិច្ចសន្ទនាផ្សះផ្សាជាតិ ការនេះបានបង្ហាញឱ្យឃើញថា ក្រោមការសម្រុះសម្រួលរបស់ប្រទេសចិន បក្សពួកនានារបស់ប៉ាឡេស្ទីនសុទ្ធតែបានប្រកាន់ខ្ជាប់គោលជំហរប្រកបដោយវិចារណញ្ញាណ ហើយបានឈានដល់គំនិតឯកភាពរួមថ្មី ពោលគឺ អនុលោមតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលចាត់ទុកក្រុងហ្សេរុយសាឡិមជារដ្ឋធានី ។
    អ៊ីចឹង ហេតុអ្វីបានជាបក្សពួកនានារបស់ប៉ាឡេស្ទីនអាចឈានដល់ការផ្សះផ្សានៅក្រុងប៉េកាំង ? នេះគឺដោយមកពីក្នុងបញ្ហាប៉ាឡេស្ទីន ប្រទេសចិនមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ និងបានឈរនៅម្ខាងនៃសន្តិភាព និងឈរនៅម្ខាងនៃគុណធម៌របស់មនុស្សជាតិជាប់រហូត ។ តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយពីគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនជាច្រើនលើក ដោយអំពាវនាវឱ្យបញ្ឈប់សង្គ្រាមភ្លាម ហើយបានគូសបញ្ជាក់ថា ច្រកចេញពីឫសគល់គឺការអនុវត្ត“ដំណោះស្រាយរដ្ឋពីរ” ក្នុងន័យជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែង ។
  តាមពិតទៅ ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចាប់ដៃគ្នានៅក្រុងប៉េកាំងកាលពីឆ្នាំមុន រហូតដល់បក្សពួកនានារបស់ប៉ាឡេស្ទីនបានចុះហត្ថលេខាលើ«សេក្តីប្រកាសក្រុងប៉េកាំង» ការផ្សះផ្សាទាំងពីរលើកដែលបានសារសំខាន់ចំពោះតំបន់មជ្ឈិមបូព៌ាសុទ្ធតែបានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ជំនួយដល់សន្តិភាពនិងការអភិវឌ្ឍរបស់តំបន់មជ្ឈិមបូព៌ាយ៉ាងប្រាកដប្រជា គឺជាមិត្តស្មោះត្រង់និងអាចជឿទុកចិត្តបានរបស់ប្រទេសអារ៉ាប់ ។ ដូច្នេះហើយបានជា ការសម្រុះសម្រួលរបស់ចិនអាចប្រែ “ភារកិច្ចដែលគ្រប់ភាគីយល់ឃើញថាមិនអាចទៅរួច” ក្លាយទៅជា “លទ្ធផលសន្តិភាព” ។

ការចុះហត្ថលេខាលើ«សេក្តីប្រកាសក្រុងប៉េកាំង»លើកនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ៖ ប្រជាជនប៉ាឡេស្ទីនសង្ឃឹមឱ្យបញ្ចប់ការប៉ះទង្គិចផ្ទៃក្នុង និងបង្កើតរដ្ឋឯករាជ្យដែលបង្រួបបង្រួមគ្នា បក្សពួកនានារបស់ប៉ាឡេស្ទីនបានសម្គាល់ឃើញថា មានតែប្រើប្រាស់សំឡេងតែមួយ ទើបអាចបញ្ចេញសំឡេងយុត្តិធម៌លាន់ឮកាន់តែខ្លាំង មានតែចាប់ដៃនិងប្រកៀកស្មាឆ្ពោះទៅមុខ ទើបអាចធ្វើឱ្យបុព្វហេតុផ្សះផ្សាជាតិទទួលបានជោជ័យ ។
ជាការពិតណាស់ ការខ្វែងគំនិតគ្នារវាងបក្សពួកនានាផ្ទៃក្នុងប៉ាឡេស្ទីនមិនអាចដោះស្រាយឱ្យបានភ្លាមៗឡើយ នៅពេលអនាគត បក្សពួកនានាប្រហែលនឹងប្រឈមមុខនឹងការសាកល្បងមួយចំនួនក្នុងការអនុវត្តជាក់ស្តែងនូវ «សេចក្តីប្រកាសក្រុងប៉េកាំង» ។ នៅពេលអនាគត ប្រទេសចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនិងយុត្តិធម៌ ដ៏ដូចជាធ្វើកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *